ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ ដើម្បីចូលរួមចំណែករក្សាអនាម័យបរិស្ថានទីក្រុងស្អាត មានសោភ័ណភាពស្រស់បំព្រង ងាយស្រួលទាក់ទាញភ្ញៀវទេសចរឱ្យ ចូលមកលេងក្នុងខេត្តប៉ៃលិន លោកស្រីចៅសង្កាត់ និងលោកមេភូមិទួលល្វា បានដឹកនាំក្រុមការងារសមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទួលល្វា រួមជាមួយនឹងសិស្សានុសិស្ស ដើររើសសម្រាមនៅតាមដងផ្លូវ និងក្បែរមាត់ស្ទឹងតារាប ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខណ:ប្រជាពល រដ្ឋ និងភ្ញៀវទេសចរមួយចំនួន ហូបអាហារក្បែរច្រាំងស្ទឹងនេះ នាថ្ងៃចុងសប្តាហ៍រួច មិនបានវេចខ្ចប់ឱ្យល្អត្រឹមត្រូវ បោះចោលរាយប៉ាយ លុះខ្យល់បក់ផាត់មក ធ្វើឱ្យធ្លាក់ចូលក្នុងស្ទឹង និងជះក្លិនប៉ះពា ល់ដល់បរិស្ថាន បាត់បង់នូវសោភ័ណភាពទីក្រុងស្អាត។
បើតាមលោក ប៉ង់ យ៉ាវ មេភូមិទួលល្វា បានឱ្យដឹងថា ៖ ជារឿយៗ លោកតែងចុះសម្អាតតាមមាត់ស្ទឹងស្ពានតារាប ជាកន្លែងភ្ញៀវទេសចរ ឧស្សាហ៍នាំគ្នាចូលទៅលេងកម្សាន្តនៅទីនោះ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ អ្នកខ្លះនាំគ្នាអង្គុយលេងជាលក្ខណ:គ្រួសារ មានយកនំចំណី ម្ហូបអាហារ ទៅទទួលទានផងដែរ។ តែអ្វីដែលលោកកត់សម្គាល់ គឺអ្នកខ្លះទទួលទានរួច មិនបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវនោះទេ លុះពេលខ្យល់បក់ផាត់មក បណ្តាលឱ្យប៉ើងរសាត់អណ្តែតពាសពេ ញមាត់ស្ទឹង ដោយមានប្រអប់ស្នោដាក់បាយពណ៌ស ថង់ដាក់ម្ហូប ចានបាយជ័រផ្សេងៗជាដើម ជាហេតុធ្វើឱ្យបាត់បង់សោភ័ណភាព កន្លែងលេងទឹកដ៏ល្អមួយនេះ។
ចំណែកលោកស្រី ទន់ ស៊ីម៉េន ចៅសង្កាត់ទួលល្វា បានបញ្ជាក់ឱ្យដឹងដែរថា ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកពីតាមភូមិមួយចំនួន មិនទទួលខុសត្រូវចំពោះកាកសំណល់ដែលខ្លួនហូបអាហាររួចឡើយ ដោយអ្នកខ្លះបោះចោលផ្តេសផ្តាស ដូចជាសំបកងាវ សំបកពងមាន់ពងទា ក្បាលត្រី ជារបស់ស្អុយ លុះទុកយូរៗ ទៅរលួយជះក្លិនប៉ះពាល់ដល់បរិស្ថានជុំវិញ។ លោកស្រីចៅសង្កាត់បន្តទៀតថា កាលពីកន្លងមកក្រុមការងារ បានចុះសម្អាតម្តងរួចទៅហើយ តែនៅមិនទាន់ស្អាតល្អព្រោះមានអ្នកបន្តបោះចោលសម្រាមក្បែរមាត់ស្ទឹងជាហូរហែស្ទើររាល់ថ្ងៃ។
លោកស្រីក៏សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលហូបអាហាររួច សូមជួយថែរក្សាអនាម័យ មាត់ស្ទឹងតារាបខាងលើនេះផង ព្រោះប្រជាពលរដ្ឋរស់នៅក្បែរៗមាត់ស្ទឹង តែងដងទឹកយកទៅប្រើប្រាស់ បោកខោអាវ ដាំស្ល និងយកទៅងូតប្រចាំថ្ងៃ អាចនឹងប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ក្នុងមូលដ្ឋានផងដែរ។
លោកស្រីបញ្ជាក់ទៀតថា កន្លែងក្បែរស្ពានតារាបមានភ្ញៀវទេសចរ ចូលទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ពិសេសថ្ងៃបុណ្យទាន ដូចជា ចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម ដោយក្នុង១ថ្ងៃៗ មិនតិចជាង៤ទៅ៥រថយន្តនោះទេ ក្នុងនោះមានអ្នករស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវមកពីតាមបណ្តាខេត្តនានា៕ ដោយ ៖ នីយ៉ា