កំពង់ធំ៖ នៅថ្ងៃទី៩ខែកុម្ភៈនេះ ក្នុងបួងសួងសុំសេចក្តីសុខ នៅចំណុចកដប ដែលជាចំណុចប្រសព្វ រវាងខេត្តទាំងបីខេត្តកំពង់ធំ,ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារ មកពីខេត្តទាំងបី។
ក្នុងពិធីនោះ មានការចូលរួមពីសំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ, ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផងដែរ។
ក្នុងឱកាសនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ពាំនាំប្រសាសន៍ ផ្ដាំផ្ញើ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល ជា និច្ចកាល សម្តេចទាំង ពីរ តែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដោយមិនរើសអើង ជាតិសាសន៍ គណបក្សនយោបាយ។
លោកជំទាវបន្តថា ក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាយកចិត្ត ទុកដាក់ បំផុត លើ សកម្មភាពផ្តល់វ៉ាក់សាំង ទៅ តាមតំបន់ទីប្រជុំមុនគេ ដើម្បី កាត់បន្ថយ ការ ឆ្លង រីករាលដាល ធ្ងន់ធ្ងរ ។ និង ជំហាន ជាបន្តបន្ទាប់ក៏មានផ្តល់ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំងឡើង, កុមារអាយុ១២-១៧ឆ្នាំ, កុមារអាយុ ០៦-១១ឆ្នាំ និងកុមារអាយុ ០៥ឆ្នាំ។
ជំហាន បន្តនៅ ពេលនេះ គឺជា ជំហាន ផ្ដល់ វ៉ាក់សាំងដូសទី៤ ធ្វើឡើង ទន្ទឹម គ្នា ជាមួយ ការផ្តល់ វ៉ាក់សាំង ដូស ជំរុញ (ដូសទី៣) លើ ប្រជាពលរដ្ឋគ្រប់រូប ស្របពេល ដែល កម្ពុជា បើក ដំណើរចរន្ត សេដ្ឋកិច្ច ឡើងវិញ ក្នុងបរិបទថ្មីជំងឺកូវីដ១៩។