ព្រះវិហារៈ រោងទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ដែលស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្រ្គាប ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ជាមួយនឹងការដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅចាត់ការទៅតាមច្បាប់។ លោក វុធ សាវី បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងមន្ត្រីនគរយុត្តិធម៌ មានផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត សង្កាត់រដ្ឋាបាលព្រៃឈើកន្ទួត ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅទីតាំងខាងលើ។ លោក វុធ សាវី បាន បញ្ជាក់បន្ថែមថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងដែលធ្វើការបង្រ្កាបនេះ គឺឈ្មួញជួលប្រជាពលរដ្ឋធ្វើ។ ស្របពេលដែលលោកដឹកនាំកម្លាំងចុះទៅ គឺឈ្មួញបានសម្រាកបណ្តោះអាសន្ន ដោយបន្សល់ទុកនូវសម្ភារនិងឈើចម្រុះជាច្រើនប្រភេទផងដែរ។ លោក វុធ សាវី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា «ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែធ្វើការបង្រ្កាបហើយរួមនិងទីតាំងល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ទៀត ទោះមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ»៕
ជាលទ្ធផល កម្លាំងបានរឹបអូសវត្ថុតាងរួមមាន៖ ម៉ាស៊ីនវាលតាបឈូស និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់មិនលើកលែង។