ស្វាយរៀងៈ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារសមាគមន៍ ជួបសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន២០០ គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោកវរសេនីយ៍ឯក ប្រាក់ សុខុម តំណាងលោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងជាអនុប្រធានក្រុមការងារសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និង ក្រុមការងារសមាគមអន៍អតីតយុទ្ធជនខេត្តមួយចំនួនទៀតផងដែរ។
លោកប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត បានលើកឡើងពីការគិតគូរដល់សុខទុក្ខបងប្អូនអតីតយុទ្ធជន ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ជាទីបំផុតមកលើបងប្អូនអតីតយុទ្ធជនរបស់យើង៕ លោកឧត្តមសេនីយ៍ទោ កឹង ឃន បានលើកឡើងថា ដោយមានការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ទើបប្រទេសយើងបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ និងបាននាំប្រទេសកម្ពុជាឲ្យស្គាល់សុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងបុព្វហេតុស្វែងរកសន្តិភាពនេះ គឺមានចំណែកការចូលរួមធ្វើពលិកម្មរបស់ បងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេស រួមទាំងបងប្អូនអតីតយុទ្ធជនទាំង២០០គ្រួសារដែលបានមកជួបជុំគ្នានាថ្ងៃនេះផងដែរ។ កត្តានេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានបង្កើតនូវយន្តការជាច្រើនដើម្បីជួយទំនុកបម្រុងគ្រប់បែបយ៉ាង ដល់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ដូចជាការសាងសង់ផ្ទះ ផ្តល់ដីសង្គមកិច្ច និងការធានារ៉ាប់រងសង្គមជាដើម ជាក់ស្តែង បងប្អូនអតីតយុទ្ធជនទាំ២០០ គ្រួសារនៅទីនេះ គឺបានទទួលផ្ទះគំរូរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។ គួររំលឹកជូនផងដែរថា គិតមកដល់ពេលនេះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងបានសាងសង់ផ្ទះចំនួន៤០០ខ្នងផ្ទះ និងបានចែកជូនអតីតយុទ្ធជន៤០០គ្រួសារ នៅក្នុងខេត្តស្វាយរៀង៕