សមាគមនអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន សាងសង់ផ្ទះជូនអតីតយុទ្ធជនក្នុងខេត្តចំនួន៤៥ខ្នង

ប៉ៃលិន) ៖ ដោយមើលឃើញពីការលំបាក និងការខ្វះទីជម្រករបស់អតីតយុទ្ធជនក្នុងខេត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្នុងខេត្ត បានចំនួន៤៥ខ្នងផ្ទះ ។តែក្តីអាណិតអាសូរ ចំពោះយុទ្ធជនដែលមានជីវភាពខ្វះខាត និងជាការតបស្នងសង គុណ ចំពោះគុណបំណាច់របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិពីអតីតកាល លោកជំទាវបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនខ្វះទីជម្រក ។សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និង ការងារសមាគមអតីតយុទ្ធជនក្នុងខេត្តប៉ៃលិន បានរកឃើញអតីតយុទ្ធជន មានដី និងផ្ទះស្នាក់នៅមិនសមរម្យ ចំនួន១៣គ្រួសារ អតីតយុទ្ធជន ពុំមានដី និងពុំមានផ្ទះចំនួន ៣៦គ្រួសារ ។ ក្នុងឱកាសនោះក្នុងនាមសម្តេចប្រធាន លោកទេសរដ្ឋមន្ត្រី បានចលនាសប្បុរសជនក្នុងខេត្ត ជួយឧបត្ថម្ភផ្ទះ បានចំនួន៤ខ្នងផ្ទះ (ឧកញ៉ា ជា គា ១ខ្នង, ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន១ខ្នង, កងរាជអាវុធហត្ថខេត្ត១ខ្នង និងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ១ខ្នង) ។ នៅសល់ចំនួន៩ខ្នងផ្ទះ លោកជំទាវសន្យានឹងសាងសង់ជូនបន្តទៀតនៅពេលក្រោយផងដែរ ។ ដោយឡែក អតីតយុទ្ធជន និងគ្រួសារដែលអត់មានដីអត់មានផ្ទះចំនួន៣៦គ្រួសារ លោកជំទាវក៍សន្យារកដីសម្បទានសង្គមកិច្ចផ្តល់ជូន និងសាងសង់ជូនពួកគាត់ជាបន្តបន្ទាបើទៀត ។លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា លោកស្រីបណ្ឌិត បាន ស្រីមុំ តែងតែជួយដល់ប្រជាពលរដ្ឋ ដែលជួបនូបញ្ហាគ្រោះមហន្តរាយ និងសមាជិកអតីយុទ្ធជន ដែលខ្វះខាតក្នុងខេត្តប៉ៃលិន តាំងតែពីពេលដែលលោកស្រី នៅជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនមកម្ល៉េះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និងគាំទ្រលោកស្រីជាខ្លាំង ជាពិសេសនៅពេលដែលខេត្តប៉ៃលិន ទទួលរងនូវគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកទឹកចិត្តដ៍ថ្លៃថ្លា និងកាយវិការរបស់លោកស្រីចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារនេះ ជាកាយវិការគំរូល្អមួយគួរយកតម្រាប់តាមផងដែរ ។លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ លើការងារអតីតយុទ្ធជន ក៏បានថ្លែងអំណរគុណដល់លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជម្រកកក់ក្តៅ ដល់អតីតយុទ្ធជនកម្ពុជា ។លោកទេសរដ្ឋមន្ត្រីបានលើកឡើងដូច្នេះថា «នេះជាកាយវិការមួយល្អណាស់សម្រាប់ជាការតបស្នង សងគុណចំពោះបងប្អូនអតីតយុទ្ធជន ដែលពួកគាត់សុទ្ធតែមានគុណបំណាច់សម្រាប់សង្គមជាតិយើង។ ព្រោះតែការលះបង់ក្នុងបុព្វហេតុជាតិនេះហើយ ទើបរក្សាបាននូវសុខសន្តិភាព និងផ្តល់ឱកាសល្អសម្រាប់ការរកស៊ី ការវិនិយោគរហូតមានជីវភាពល្អ ។ ដូច្នេះ យើងត្រូវចេះតបស្នងសងគុណពួកគាត់» ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ជាដីសម្រាប់សង់លំនៅឋាន ដីសម្រាប់បង្កបង្កើនផល ប្រាក់បៀវត្សរ៍ និងប្រាក់គោលនយោបាយផ្សេងៗមួយចំនួនទៀត។

តាមរយៈការគិតគូរនេះ បានធ្វើឱ្យជីវភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជន បានកាន់តែល្អប្រសើរឡើង ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអ្នកប្រតិបត្តិផ្ទាល់លើការងារអតីតយុទ្ធជននេះ តែងតែបានពិនិត្យដោយផ្ទាល់ដល់កន្លែង រស់នៅរបស់អតីតយុទ្ធជន ដើម្បីស្វែងយល់ពីការរស់នៅ និងសុខទុក្ខរបស់អតីតយុទ្ធជន ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានដាក់ចេញ និងចង្អុលបង្ហាញនូវការងារអាទិភាពមួយចំនួនដល់មន្ត្រី និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *