ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តនិងក្រុងព្រះវិហារ

ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ/សង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តនិងក្រុងព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារដោយមានការអញ្ជើញចូលរួមពីមន្ត្រីសាខា និងអនុសាខាជាច្រើនរូប។

ពិធីនេះបានប្រារព្វធ្វើឡើងនៅ២ទីតាំងផ្សេងៗគ្នា គឺពេលព្រឹកធ្វើឡើងនៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត  និងពេលរសៀលធ្វើនៅសាលប្រជុំសាលាក្រុងព្រះវិហារស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា ផ្តាំផ្ញើជូនសមាជិក សមាជិកា អនុសាខាទាំងអស់ ត្រូវបន្តរក្សាសាមគ្គីផ្ទៃក្នុងអោយបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខាព្រមទាំងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញការងារតាមគោលការណ៍ទាំង៧របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម។ បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អោយនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព។បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀងគរសប្បុរសជន បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទ ក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍។ បន្តការពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយកាណ៍មកសាខាឲ្យបានទាន់ពេលវេលា។ បន្ទាប់មក ឯកឧត្តម យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខាក៏បានធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មា ធិការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានាឱកាសនោះផងដែរ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *