ដោយ៖ សុក្ខារិន
ខេត្តកំពង់ឆ្នាំង:ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុកសាមគ្គីមានជ័យ រដ្ឋបាលឃុំក្រាំងល្វា ឃុំខ្នាឆ្មារ ឃុំធ្លកវៀន និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុក-ឃុំ បានចុះផ្សព្វផ្សាយអប់រំណែនាំ ស្តីពីវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជនផ្សារក្រាំងល្វា ឃុំក្រាំងល្វា វត្តឧទុម្ពរ ឃុំក្រាំងល្វា វត្តបឹងខ្នារ ឃុំខ្នាឆ្មារ និងវត្តភ្នំទស្សពិត ឃុំធ្លកវៀន ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ។
ឯកឧត្ដមអភិបាលរងខេត្ត បានផ្សព្វផ្សាយអប់រំណែនាំ អំពីវិធានការរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល ដល់បងប្អូនអាជីវករលក់ដូរទាំងអស់ សូមឱ្យពាក់ម៉ាស់ជាប្រចាំ លាងដៃឱ្យបានញឹកញាប់ ព្រមទាំងណែនាំឱ្យអ្នកទិញត្រូវពាក់ម៉ាស់ និងរក្សាគម្លាតអោយបានត្រឹមត្រូវ។
បន្ទាប់មក ឯកឧត្តមអភិបាលរងខេត្ត បានបន្តដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនៅវត្តឧទុម្ពរ វត្តបឹងខ្នារ និងវត្តភ្នំទស្សពិត ដោយបានបង្គំទូលថ្វាយដល់ព្រះសង្ឃ និងជម្រាបជូនដល់គណៈកម្មការគ្រប់គ្រងវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត សូមឱ្យរក្សាគម្លាត ពាក់ម៉ាស់ បាញ់អាល់កុល ពេលយកចង្ហាន់ ទេយ្យទាន និងថវិកា មកប្រគេនព្រះសង្ឃ។
ហើយព្រះសង្ឃ និងគណៈកម្មការវត្ត ត្រូវរៀបចំកន្លែងទទួលបច្ច័យ កន្លែងអុជទានធូប ឬទីសក្ការៈបូជា ឱ្យមានសុវត្ថិភាព ពោលគឺរៀបចំឱ្យមានគម្លាត ណែនាំឱ្យពាក់ម៉ាស់ និងកុំប្រជ្រៀតគ្នា។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារ ក៏បានប្រគេនបច្ច័យ និងសម្ភារៈដល់វត្តទាំងបី ដោយក្នុង១វត្ត ទទួលបាន:ថវិកាចំនួន ៣៨០,០០០រៀល ម៉ាស់ ១០ប្រអប់ និងអាល់កុល ៥លីត្រ ៕