នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ទីលានហ្វឹកលំហាត់បាញ់គ្រាប់ពិតចំរុះ

 

កំពង់ស្ពឺៈ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ រួមនឹងមន្ត្រីយោធាជំនាញជាច្រើនរូប នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ទីលានហ្វឹកលំហាត់បាញ់គ្រាប់ពិតចំរុះ និងការសម្ដែងលំហាត់មុខវិជ្ជាអន្តរាវុធទាំងប្រាំពីរជំនាញរបស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៩ នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរៈភូមិន្ទ (ថ្លុកតាសេក) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដើម្បីត្រៀមធ្វើពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ០១ ខែគុម្ភះ ឆ្នាំ២០២១ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ក្នុងឱកាសចុះពិនិត្យមើលអំពីការប្រុងរៀបចំ ទីតាំងសម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធិផលទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ និងការសម្ដែងលំហាត់សាកល្បងមុខវិជ្ជាអន្តរាវុធទាំងប្រាំពីរជំនាញ របស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៩ នៅវិទ្យាស្ថានទ័ពជើងគោកនាពេលនោះ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចំរុះ និងជានាយកវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរៈភូមិន្ទបានរាយការណ៍ថា យោងតាមកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា ចិន វិទ្យាស្ថានទ័ពជើងគោកបានទទួលនូវជំនួយជាសំណង់អាគារ និងការសាងសង់នៅសំណង់ជាច្រើនដល់សាលានេះ ។ នៅមានគម្រោងសំណង់ជាច្រើនដែលរួមមានអគារស្នាក់នៅរបស់សិស្ស.អាគារផ្ទះបាយសិស្ស.អាគារធ្វើការងាររបស់នាយទាហានគ្រប់គ្រង.អាគារផ្ទះសំណាក់របស់វិទ្យាស្ថានទ័ពជើងគោក.រោងដាក់រថយន្ត និងគ្រឿងចក្រ.ការកសាងអាងស្តុកទឹកកម្ពស់ ៥២ ម៉ែត្រចំណុះ ៣០០ ម៉ែត្រគីប និងអាគារចម្រោះទឹកស្អាតបំពាក់នូវប្រព័ន្ធសូឡា 100 KVA ។ រាល់គម្រោងសំណង់ខាងលើបានកសាងរួចរាល់ និងបានផ្ទេរប្រគល់ឲ្យវិទ្យាស្ថានប្រើប្រាស់រួចជាស្រេចនៅសល់តែគម្រោងទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះដែលមានទំហំ ២,៣ ហិចតាមិនទាន់សាងសង់រួចដោយមានផលប៉ះពាល់ពីវិបត្តិជំងឺកូវីត ១៩ ក្នុងឆ្នាំ២០២០នេះ ។ ដោយមានការខិតខំពុះពាររាល់ការលំបាកថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក រួមជាមួយអ្នកជំនាញឯកទេសចិនប្រចាំវិទ្យាស្ថាន បានធ្វើការសាងសង់បន្ថែមឱ្យរួចរាល់ជាស្ថាពរនៅចុងខែធ្នូ ឆ្នាំ ២០២០នេះ  ។ ឧត្តមសេនីយ៍ឯក ម៉ម យឿន បានបញ្ជាក់ទៀតថា សំណង់ទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ ដែលគេអាចហៅថា (មុខជំនាញអន្តរាវុធនោះ ) ត្រូវបានសាងសង់ឡើងដែលរួមមានអាគារបញ្ជាការត្រួតពិនិត្យការហាត់បាញ់ ចំនួន ១អាគារកំពស់ ៣ជាន់.អាគារនិមិត្តរូបសម្រាប់ការហ្វឹតហាត់យុទ្ធវិធីវាយទីក្រុង.ទីលានបាញ់ស៊ីបអាវុធធុនស្រាល ១កន្លែង.ទីលានហ្វឹកហាត់មុខវិជ្ជាវិទ្យុទាក់ទង ១កន្លែង.ទីលានហ្វឹកហាត់មុខវិទ្យាការពារគីមីសាស្រ្ត ១កន្លែង.ទីលានហ្វឹកហាត់បាញ់កាំភ្លើងធំតាមប្រព័ន្ធស៊ីមីឡេសិន ១កន្លែង និងអាគារសម្រាប់ថ្នាក់រៀនបញ្ជាការកាំភ្លើងធំចំនួន ២កន្លែង.ទីលានហ្វឹកហាត់បើកបររថយន្ត ១កន្លែង.ទីលានហ្វឹកហាត់បើកបររថក្រោះ រថពាសដែក ១កន្លែង រួមនិងសមទ្ធិផលជាច្រើនទៀតដែលរួមមានការកសាងរបងព័ទ្ធជុំវិញវិទ្យាស្ថាន.ការកសាងអគារថ្នាក់រៀនកម្ពស់ ៥ ជាន់.ជួសជុល និងកែលំអវេទិកានៅទីលានប្រារព្ធពិធី.ជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងបរិវេណវិទ្យាស្ថាន និងការជួសជុលបណ្ដាញទឹកស្អាតអោយបានល្អជាងមុន ។  តាមរយៈនៃការចុះពិនិត្យផ្ទាល់ដល់ទីលានដែលកំពុងរៀបចំនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក ជាមួយនឹងទីប្រឹក្សាជំនាញរបស់កងទ័ពរំដោះប្រជាជនចិនប្រចាំនៅវិទ្យាស្ថាន ថាបានសហការគ្នាយ៉ាងល្អក្នុងការជំរុញឱ្យដំណើរការសាងសង់នៅទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ នេះដំណើរការទៅប្រកបដោយជោគជ័យ ហើយនិងគ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់ថ្នាក់ដឹកនាំ យូធាចារ្យ និងនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៩ ដែលនឹងធ្វើការសម្ដែងសម្រាប់ពិធីសម្ពោធសមិទ្ធិផលទីលាន នៅមុខវិជ្ជាអន្តរាវុធទាំង ៧ជំនាញ ទាំងនោះត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត និងកែលម្អនូវកង្វះខាតចំណុចខ្លះៗដែលមិនទាន់ធ្វើបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ត្រូវកែលម្អឲ្យល្អឡើងវិញ ស្របតាមក្បួនច្បាប់នៃមេរៀន យប់វិធី ពិសេសជាងនេះទៅទៀត ត្រូវមានការប្រុងប្រយ័ត្នកុំធ្វេសប្រហែសឲ្យសោះ នៅក្នុងពិធីសម្ដែងក៏ដូចជាការហ្វឹកហាត់ជាក់ស្ដែង ។ សម្រាប់ថ្នាក់ដឹកនាំនិងយោធាចារ្យ របស់វិទ្យាស្ថាន ត្រូវខិតខំរិះរកនៅអ្វីដែលល្អរីកចម្រើនក្នុងការជំរុញឱ្យដំណើរការនៃពិធីប្រកបទៅដោយភាពរលូននិងជោគជ័យ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *