ទំនាស់ពាក្យសំដីនៅតារាងបាល់ទះ យកកូនកាំបិតចាក់គូទំនាស់ឱ្យរបួសត្រូវបានឃាត់ខ្លួន

ដោយ៖ ភាវុន

កណ្តាល ៖ ទំនាស់ពាក្យសំដីនៅតារាងបាល់ទះ រហូតប្រើហិង្សាដោយចេតនាដោយយកកូនកាំបិតចាក់គូទំនាស់ឱ្យរបួស កាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០២១ វេលាម៉ោង៥ និង២០នាទីល្ងាច នៅចំណុចតារាងបាល់ទះភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវប៉ូលិសប៉ុស្តិ៍សិត្បូឃាត់ខ្លួននាថ្ងៃទី៣តុលាឆ្នាំ២០២១។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ សង្កាត់កើតហេតុ ជនរងគ្រោះមានរបួសស្នាមមុតរយៈជ្រៅហូរឈាម ត្រង់ក្រោយស្មាខាងស្តាំ មួយកន្លែង ។

ចំណែកជនសង្ស័យឈ្មោះ ណុប សវត្ស  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យកកូនកាំបិតចុងស្រួចដងពណ៌ស្វាយចំនួនមួយជារបស់ជនសង្ស័យ។

សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុវេលាម៉ោង១០ព្រឹកជនរងគ្រោះបានដើរទៅលេងបាល់ទះនៅតារាងបាល់ខាងលើ , ពេលនោះក៏បានជួបជនសង្ស័យ ហើយបានឈ្លោះប្រកែកគ្នារឿងក្មេងលេងបាល់មិនបានឱ្យលុយតុង  តែនៅពេលឈ្លោះប្រកែកគ្នាហើយ ក៏បានបំបែកគ្នាទៅផ្ទះរៀងខ្លួនអស់ទៅ ។

លុះមកដល់វេលាកើតហេតុខាងលើ  ជនរងគ្រោះក៏បានដើរទៅតារាងបាល់ទះនោះម្តងទៀត ហើយអង្គុយផឹកស្រាបៀរនៅលើតាបប៊ីយ៉ែរ ក៏ស្រាប់តែជនសង្ស័យបានកាន់កូនកាំបិត ដើរមកលបចាក់ពីក្រោយចំស្មាខាងស្តាំ បណ្តាលឱ្យមុតជ្រៅរយៈហូរឈាម ហើយរត់គេខ្លួនបាត់ទៅ ។

ក្រោយកើតហេតុរួច នៅថ្ងៃទី០៣ខែតុលាឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍សិត្បូចុះឃាត់ខ្លួនបានរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *