SKS
កំពត៖ លោក ម៉ៅ ធនិន មានកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេសកម្ពុជា តាមរយៈសមត្ថភាពដឹក នាំដ៏ពូកែរបស់លោក ជាពិសេសនោះគឺការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ នៅក្នុង ខេត្តពោធិ៍សាត់ទាំងមូល ដែលជាភូមិសាស្ត្រលោកធ្លាប់គ្រប់គ្រងកាលពីមុន។ ថ្មីៗនេះ លោក ក៏ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច ពីអភិបាល
នៃគណៈភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈភិបាល ខេត្តកំពតថ្មី គិតចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ តទៅ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ ខេត្តកំពត នាំគ្នាអបអរសាទរ និង រំភើបក្រៃលែង ដោយសារតែកន្លងមក ធ្លាប់តែបានឃើញលោកអភិបាលខេត្ត ដោះស្រាយក្ដីជូនអ្នកខេត្ត
ពោធិ៍សាត់តែពេលនេះបាន ចូលខ្លួនមកដោះស្រាយបញ្ហានានា ជូនប្រជារាស្ត្រក្នុងទឹក ដីខេត្តកំពតវិញ គួរជាទីមោទកភាពក្រៃលែង។គួរឱ្យដឹងផងដែរថា អភិបាលខេត្តកំពតថ្មី រូបនេះត្រូវបានមហាជនខ្មែរស្គាល់ថាជាបុគ្គលពោរពេញដោយចំណេះវិជ្ជាដ៏ជ្រៅជ្រះ តែងដោះស្រាយទំនាស់គ្រប់បញ្ហារាប់រយជំពូក មិនថាទំនាស់ដីធ្លី
ទំនាស់គ្រួសារ ការដណ្ដើមទ្រព្យដីធ្លី ផ្ទះសម្បែង គឺលោកអាចរកដំណោះស្រាយ ដ៏សមប្រកបគួរឱ្យកោតសរសើរ។
អ្វីដែលធ្វើឱ្យមហាជនពេញចិត្តបំផុតទៀតនោះគឺ លោកតែងបញ្ចប់បញ្ហា ដោយមិនបន្សល់ទុកឱ្យភាគីណាម្នាក់ចាញ់ដោយទឹកភ្នែកនោះទេ គឺមានតែស្នាមញញឹមយល់ព្រមឯកភាពដោយរីករាយ ចំពោះដំណោះស្រាយរបស់លោក។
យ៉ាងណាមិញ ដោយសារតែគុណធម៌ ការដោះស្រាយទំនាស់ដោយមិនលម្អៀង ថែមទាំងបានផ្ដល់នូវឱវាទល្អៗកន្លងមក បានធ្វើឱ្យប្រជាជនពេញចិត្ត និង គោរពបំផុតចំពោះ លោក ម៉ៅ ធនិន រហូតដល់ប្រជាជនបានប្រៀបប្រដូចលោក ទៅនឹងព្រះមកប្រោសសត្វលោក ហើយខ្លះទៀតបានចាត់ទុកលោកដូចជាប៉ាវចិន ឬ តុលាការមុខដែក ប៉ាវ ជីងធាន ផងដែរ ៕