ដោយៈសុក្ខារិន
ខេត្តកំពង់ឆ្នាំង :ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវព្រះរាជអំណោយមកចែកជូនដល់ លោកយាយ.លោកតា ដែលជាជនចាស់ជរា មានអាយុ៨០ឆ្នាំឡើងទៅចំនួន ៤៦៥នាក់ ដែលបានអញ្ជើញមកពី ៥ឃុំ នៃស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំយកនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ ជាទីគោ រពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនលោកយាយ.លោកតា និងបានជម្រាបជូនថា ព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យនឹករលឹកជាពន់ពេក ចំពោះប្រជារាស្រ្តរបស់ព្រះអង្គគ្រប់ពេលវេលា។
ទន្ទឹមនេះ ដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ២០២១នេះ ព្រះអង្គក៏បានព្រះបរមរាជានុញ្ញាតជូនសម្តេច នាំយកនូវព្រះរាជអំណោយមកចែកជូនដល់លោកយាយ លោកតាទាំង ៤៦៥នាក់នាពេលនេះ ដើម្បីជាការចូលរួមចំណែកសម្រួលជីវភាពរសនៅរបស់លោកយាយ លោកតា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងទប់ស្កាត់ការឆ្លងរីករាលដាលនៅជំងឺកូវីដ-១៩មិនទាន់ស្រាកស្រាននៅឡើយ ។
ក្នុងឱកាសនោះផងដែរសម្ដេចជ្វាវាំងគង់សំអុលបានធ្វើការផ្តាំផ្ញើដល់លោកយាយ.លោកតា.ទាំងអស់ត្រូវអនុវត្តឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣ ការពារ ៣ កុំដើម្បីខ្លួនយើងគ្រួសារយើងនិងសហគមន៍យើង.ជៀសផុតពីជម្ងឺកូវីដ ១៩ ៕