ដោយ៖ភាវុន
កណ្តាល ៖ ជនសង្ស័យ២នាក់លួចកាប់ផ្លែចេក៦៥ស្និតគេស្រាប់ៗយកទៅលក់ ត្រូវបាននគរបាលនិងប្រជាការពារ ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣និង ៣០នាទីល្ងាច នៅចំណុចចម្ការចេករបស់ឈ្មោះ វង់ វន ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលនិយាយថា ជនរងគ្រោះឈ្មោះ វង់ វន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ស៊្រន ច័ន្ទរិទ្ធ ហៅជិះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត, ២-ឈ្មោះ ហ៊ង ថៃហ្គ័រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀន) ទាំងពីរនាក់មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យកចេកណាំវ៉ា ចំនួន៦៥ស្និតជារបស់ជនរងគ្រោះ។
នគរបាលបន្តថា ដំបូងជនរងគ្រោះបានទៅមើលចម្ការចេករបស់ខ្លួន ស្រាប់តែបានឃើញផ្លែចេករបស់ខ្លួនត្រូវបានគេលួចកាប់អស់ជាច្រើនស្ទង ហើយគរទុកនៅក្បែរចម្ការចេកនោះ ។ ក្រោយមកជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍តាលន់ ឱ្យជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍តាលន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការពួនស្ទាក់ចាំចាប់ជនសង្ស័យ ។
លុះនៅវេលាម៉ោង៥និង៣០នាទីល្ងាច ទើបសមត្ថកិច្ចបានឃើញជនសង្ស័យទាំងពីរធ្វើសកម្មភាព ជិះម៉ូតូខាងលើដឹកចេកណាំវ៉ារបស់ជនរងគ្រោះចេញពីចំណុចកើតហេតុ ,ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងយកទៅអនុវត្តន៍តាមនីតិវិធីតែម្ដង ៕