បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

ដោយ៖សៅ នៅ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ឈ្មោះ ឈុន ឆឺត ភេទប្រុស អាយុ37ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្ន រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់។

ជនសង្ស័យខាងលើនេះ ត្រូវបានកងអនុសេនាធំលេខ3 កម្លាំងវរ:សេនាតូចលេខ1 តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់នៅយប់ ថ្ងៃទី23ខែកញ្ញា ឆ្នាំ2021 ចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយបើកបរគោយន្ត កំធ្វើសកម្មភាព ដឹកមនុស្សចំនួន15នាក់ ក្នុងនោះ មានស្រ្តីចំនួន08នាក់ កុមារា01នាក់ ដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ និងបានបញ្ជូនមកកាន់បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីចាត់ការបន្ត។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញសួរនាំជនសង្ស័យឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករតាមគោយន្តកន្ត្រៃបម្រុងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយខ្លួនយកថ្លៃដឹកក្នុងម្នាក់1300បាត (លុយថៃ)។

ក្រោយពីឃាត់ខ្លួនពលករខ្មែរប្រុស.ស្រី ត្រូវបានលោកអភិបាលស្រុកថ្មពួកធ្វើការអប់រំឲ្យវិលត្រលប់ទៅកាន់លំនៅឋានវិញ។ ដោយឡែកនៅថ្ងៃទី26 ខែកញ្ញានេះ ជនសង្ស័យនិងវត្ថុតាងគោយន្តកន្ត្រៃត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *