ដោយ ៖ នីយ៉ា
ខេត្តប៉ៃលិន ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទូចអំពាវនាវនៅលើទំព័រហ្វេសប៊ុកថា “ពុកម៉ែបងប្អូនអើយ! សូមអាណិតមេត្តា ចេះថែរក្សាការពារ សុខភាពខ្លួនឯងផង ការរាលដាលចម្លងមេរោគ កូវីដ-១៩ ពីម្នាក់ ទៅម្នាក់ នៅតែមានបន្តបន្ទាប់ ។ ពុកម៉ែបងប្អូននៅតែមិនខ្លាច មើលស្រាលលើជំងឺ មេរោគកូវីដ-១៩នេះ លួចលាក់ជួបជុំផឹកសុី លួចដើរគ្មានការប្រុងប្រយ័ត្ត្ន ។ ការពារខ្លួន អាងថាបានទទួលចាក់វ៉ាក់សាំង២ ដង រួចហើយ ជិះសេះលែងដៃ មិនមានកិច្ចសហការផ្តល់ព័ត៍មានពិតប្រាកដ កុហកភូតភរ នាំមេរោគចូលសហគមន៍ ទៅចម្លងអ្នកដទៃ ជាពិសេស ឪពុកម្តាយចាស់ជរា កូនតូចៗ ជាទីស្រលាញ់ ពួកគាត់នៅតែផ្ទះ ។ បងប្អូនគិតមើលថាតើសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្តេចលោក ខិតខំរកថ្នាំវ៉ាក់សាំង មកចាក់ជូន ពុកម៉ែបងប្អូនស្រោចគ្រប់ទិសទី សម្តេចលោក បានគិតគូរគ្រប់ជ្រុងជ្រោយពីសុខសុវត្តិភាព សុខភាព ពុកម៉ែបងប្អូនគ្រប់ទីកន្លែង ។ តើក្រុមគ្រូពេទ្យ តើក្រុមការងារគ្រប់លំដាប់ថ្នាក់ យុវជន គ្រប់មូលដ្ឋាន យើងទាំងអស់គ្នា ខិតខំប្រឹងប្រែងទប់ស្កាត់ ទាំងថ្ងៃទាំងយប់ មិនថាថ្ងៃសៅរ៍ អាទិត្យ នោះទេ តើដើម្បី អ្នកណា? បើសិនពុកម៉ែបងប្អូន កូនក្មួយនៅតែបន្ត ធ្វេសប្រហែស មិនការពារ តាមអនុសាសន៍សម្តេចតេជោ ៣កុំ ៣ការពារ អនុវត្តន៍តាមវិធានការពារសុខាភិបាល មិនចេះស្រលាញ់ខ្លួនឯង ដើម្បី សុខភាពខ្លួនឯង និងក្រុមគ្រួសារ នោះទេ ទោះបីក្រុមការងារខិតខំយ៉ាងណា ក៍បងប្អូននឹងជៀសមិនរួច និងជួបគ្រោះថ្នាក់នោះជាមិនខានហើយ សូមកុំស្តាយក្រោយ ដល់ពេលវេលានោះ នឹង ហួសអស់ហើយ ។
សូមចូលរួមការពារ សូមចូលរួមសហការជាមួយ ក្រុមការងារ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន បងប្អូនការពារសុខភាពអោយបានល្អ ក្នុងពេលវេលាប្រយុទ្ធជាមួយសង្គ្រាម មេរោគ ដ៍លំបាកនាពេលនេះ រក្សាសុខភាព យើងទាំងអស់គ្នាអោយបានល្អសិន ចាំទៅចូលធ្វើបុណ្យភ្ជំបិណ្ឌ នៅឆ្នាំ2022-2023 និង ឆ្នាំបន្តបន្ទាប់ទៀត ព្រោះមានជារៀងរាល់ឆ្នាំ ។”
លោកជំទាវបន្តថា ៖ សូមពុកម៉ែបងប្អូនមេត្តា កុំភ្លេចខ្លួន ត្រូវពាក់ម៉ាស អោយជាប់ជាប្រចាំ សម្អាតដៃដោយទឹកអាល់កុល រក្សាអនាម័យអោយបានល្អ ។ សូមជូនពរពុកម៉ែបងប្អូនកូនក្មួយ ទទួលបានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវ កូវីដ-១៩ ទាំងអស់គ្នា ” ៕