កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួសារទីទ័លក្រ រងគ្រោះដោយភ្លើងឆេះផ្ទះ ២គ្រួសារ និងចែកអំណោយជូនចាស់ៗចំនួន ២២គ្រួសារ រស់នៅលេីដីសម្បទានតំបន់ខ្សាច់ស ក្នុងស្រុកសាមគ្គីមានជ័យ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង :នៅថ្ងៃសុក្រ  ទី  ២៤  ខែកញ្ញា  ឆ្នាំ២០២១នេះ  កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួង ម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនគ្រួសារទីទ័លក្រចំនួន ២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុស  ហេីយបានប្តូរទីលំនៅមករស់នៅលេីដីសម្បទានតំបន់ខ្សាច់ស ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវ .ម៉ែន នារីសោភ័គ. អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ដែលមិនទាន់មានការស្រាកស្រាន ។

ទន្ទឹមនឹងនេះ  លោកជំទាវ  បានពាំនាំការអំពាវនាវពី សំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលអនុវត្តតាមវិធានការសុខាភិបាល  និងវិធានការរដ្ឋបាលនានា  ដេីម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការរាតត្បាតមេរោគកូវីដ-១៩  និងគិតគូររួមគ្នាក្នុងការស្តារសេដ្ឋកិច្ចជាតិក្រោយកូវីដ-១៩។

បន្ទាប់ពីនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់  ប្រឹងប្រែងប្រកបរបរបង្កបង្កេីនផលដេីម្បីជីវភាពគ្រួសារ  ដូចពាក្យចាស់ថា  «រពឹសដៃផ្ទៃឆ្អែត» ហេីយត្រូវលេីកកម្ពស់ការរក្សាអនាម័យ  បរិភោគទឹកឆ្អឹន  ដេកក្នុងមុងជានិច្ច  និងសូមរស់នៅដោយក្តីសុខដុមរមនាក្រោមម្លប់នៃសន្តិភាព  ស្ថិរភាព  និងការអភិវឌ្ឍសព្វថ្ងៃនេះ។

ជាមួយគ្នានេះ  លោកជំទាវ  សូមថ្លែងអំណរគុណ  ឯកឧត្តម  អភិបាលនៃគណៈអភិបាលខេត្ត  និងសាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ឆ្នាំង  ដែលបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ  ធ្វេីរបង ព័ទ្ធជុំវិញផ្ទះ ផ្តល់ពូជដំណាំ  សម្ភារកសិកម្ម  អាងចិញ្ចឹមត្រី  ជូនដល់គ្រួសារចំណូលថ្មីទាំងពីរគ្រួសារខាងលេីនេះ  រួមជាមួយនឹងអណ្តូងទឹកស្អាត  ដែលផ្តល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ  ដែលអាចផ្តល់លទ្ធភាពដល់ក្រុមគ្រួសារទាំងពីរអាចកសាងជិវិតថ្មីរស់នៅលេីទឹកថ្មី  ដោយមិនចាំបាច់ធ្វេីចំណាកស្រុកដូចមុនទៀតឡេីយ។

សូមបញ្ជាក់ថា  ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣.៥០០ដុល្លារអាមេរិក  ត្រូវបានផ្តល់ជូនគ្រួសារទី១  ឈ្មោះ  ប៉ែន  សារឿន  អាយុ  ៥០ឆ្នាំ  និងប្រពន្ធ ឈ្មោះ  អ៊ុ  សាប  អាយុ  ៥៥ឆ្នាំ  មានកូន  ៦នាក់ក្នុងបន្ទុក  និងគ្រួសារទី២  ឈ្មោះ  យន  សំអាត  អាយុ  ២៥ឆ្នាំ  (ជាមនុស្សគ-ថ្លង់)  និងប្រពន្ធឈ្មោះ  ពន  អាយុ  ១៨ឆ្នាំ ។ គ្រួសារទាំងពីរទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល  ដោយក្នុង  ១គ្រួសារទទួលបាន  ដីលំនៅដ្ឋាន  ៣០ម៉ែត្រ  x ៤០ម៉ែត្រ  និងដីសម្រាប់ធ្វេីកសិកម្ម ចំនួន  ១ហិកតា។

ជាមួយគ្នានេះ អំណោយផ្តល់ជូនម្ចាស់ផ្ទះនីមួយៗរួមមាន ៖ អង្ករ  ១០០ គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, អំបិល ៥គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកភេសជ្ជៈ ៥កេស, សម្ភារចានឆ្នាំង ១ឈុត, ឃីត (សារុង ក្រមា មុង ភួយ) ២កញ្ចប់, អាវយឺត  ១០, កន្ទេល ២,  ម៉ាស់  ៥ប្រអប់ ,  ជែល  ៤ដប  និងថវិកា ៥០ម៉ឺនរៀល។

ដោយឡែក ចាស់ៗចំនួន  ២២គ្រួសារ  ដែលចូលរួមក្នុងកម្មវិធីនេះ ក្នុងគ្រួសារនីមួយៗទទួលបាន  ៖  អង្ករ  ២៥គីឡូក្រាម ,  មី  ១កេស ,  ត្រីខ  ១០កំប៉ុង ,  អំបិល  ១គីឡូក្រាម ,  ទឹកស៊ីអ៊ីវ  ១យួរ,  ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, ម៉ាស់  ១ប្រអប់ ,  ជែល  ១ ដប  និងថវិកា  ៥ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *