ដោយ៖ភាវុន
កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០៩ព្រឹក។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ លី សុងឡេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ធ្វើតេស្តរហ័សរកCOVID-19លទ្ធផលអវិជ្ជមាន ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។ វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំនិងសម្ភារប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
សមត្ថកិច្ចដដែលបានបន្តថា កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក មានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកប៉ូលិសផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ។ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក សុីម ឃាង អធិការស្រុកកោះធំបានបញ្ជាអោយលោកវរសេនីយ៍ទោ ខាន់ ចាន់ថា អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនចុះទៅធ្វើការស្រាវជ្រាវនិងសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំពៅពូន ចុះបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្មម្នាក់នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យខាងលើបាននេះឆ្លើយសារភាពថា «ចំពោះថ្នាំញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំនេះគឺរូបគាត់បានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំស្ពានព្រែកទីវ ស្ថិតនៅក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានទិញក្នុងតម្លៃ១៤០០០០រៀល(ដប់បួនមុឺនរៀល)ដើម្បីយកមកទុកលក់និងចែកចាយបន្តឱ្យទៅគេ»។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕