ដោយ៖សៅ នៅ
បន្ទាយមានជ័យ៖ អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យមេខ្យល់នាំមនុស្សលួចឆ្លងដែនទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ នៅរសៀលថ្ងៃទី23 ខែកញ្ញា ឆ្នាំ2021 ដើម្បីចាត់ការបន្តតាមផ្លូវចាប់។
ជនសង្ស័យដែលនាំមនុស្សលួចឆ្លងដែនដោយខុសច្បាប់ឈ្មោះ ប៉ិ ម៉ៅ ភេទប្រុស អាយុ53ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិកន្តួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ។
ជនសង្ស័យខាងលើ រួមទាំងពលករខ្មែរប្រុស.ស្រីចំនួន02នាក់ទៀត ត្រូវបានកម្លាំងកងការពារព្រំដែនលេខ503 យោធភូមិភាគទី5 បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ503 ឃាត់នៅល្ងាច ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021 នៅចំណុចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានបំណងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។
មេខ្យល់ខាងលើក្រោយពីឃាត់ខ្លួន បានប្រគល់អោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ចំណែកពលករខ្មែរចំនួន 02នាក់ ក្រោយពីអប់រំណែនាំរួច ត្រូវបានកម្លាំងកងការពារព្រំដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កអូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕