ដោយ៖ឈិត សំបូរ
កំពង់ធំ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១សាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាលផងដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថាជាលទ្ធផលនៃការអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋសម្រេចបានចំនួន៤៦៦.៩៦៧នាក់ ស្មើនឹង ៩៧,០៦% ក្នុងនោះសម្រាប់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ មកដល់ពេលនេះសម្រេចបានចំនួន ៨៧.៦៣២នាក់ស្មើនឹង ៩២,៩១% (គិតត្រឹមថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១) និងកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្ត បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី៦ឆ្នាំដល់អាយក្រោម១២ឆ្នាំ បើគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្រេចបានចំនួន ៤៥.៧៩៩ នាក់ ស្មើនឹង៤៥,៣៨% សម្រាប់ដួសទី១ ។ ដោយឡែកសម្រាប់មន្ត្រីរាជការជួរមុខ បុគ្គលិកសុខាភិបាល កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ក៏បានទទួលរួចរាល់នូវ វ៉ាក់សាំងដូសជំរុញ (Astrazeneca) ចំនួន ១៣.១៣២នាក់ ។ ទន្ទឹមនឹងនេះឯកឧត្តមបញ្ផាក់បន្ថែមថា ចាប់គិតមកត្រឹមថ្ងៃទី២២ ខែកញ្ញានេះ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤.៣១៧ ជាសះស្បើយចំនួន ៣.៤៩៥ នាក់ និងអ្នកស្លាប់មានចំនួន ១៣៣ នាក់ ព្រមទាំងកំពុងសម្រាកព្យាបាលចំនួន ១៦៩ នាក់។
បន្ថែមពីនេះទៀតឯកឧត្តមអភិបាលខេត្ត បាថ្លែងអំណរគុណជូនចំពោះលោកជំទាវជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣(ដូសជម្រុញ)។
ជាមួយគ្នានេះលោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំឡើង។
លើសពីនេះទៀត លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់រដ្ឋបាលខេត្ត នឹងបន្តជម្រុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវ កាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព រិតត្បិតការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួប ជុំនានា និងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩។