រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១

ដោយ៖សាយ ហ្គន

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀងតាមរយះប្រពន្ធវីដេអូ Zoom ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ទទ្ទឹមនោះក៏អរគុណដល់ក្រុមការងារស្រាវជ្រាវជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត  ដែលបានធ្វើការបំពេញការងាទាន់ពេលវេលាលើការស្រាវជ្រាវក្តាប់មុខសញ្ញាព័ន្ធនឹងកូវីដ១៩។ ជាមួយនេះ  ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖

១- រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរពាក់ត្រូវពង្រឹងការយាមកាមអោយបានម៉ឺងម៉ាត់ ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ  ឬតាមមណ្ឌល  ជៀសវាងការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវធ្វើអោយមានហានិភ័យឆ្លងដល់អ្នកដដៃ។

២-  គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។

៣- រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងកិច្ចអនុវត្តកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យ និងពន្ធមធ្យោបាយធ្វើដំណើរ ឲ្យបានទាន់ពេលវេលា ។

៤-មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ។

៥- បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ។

៦- អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *