លោកជំទាវ ប៊ន សុភី ដឹកនាំមន្ទីរអង្គភាពចំនួន០៦ចូលរួមកាន់ បិណ្ឌវេនទី២ នៅវត្តធម្មសុវណ្ណ ស្ថិតនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ឯកស័ក ព.ស២៥៦៥ គឺជាបុណ្យកាន់បិណ្ឌវេនទី២លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរចំនួន០៦អង្គភាព អញ្ជើញចូលរួម ដាក់បិណ្ឌវេនទី២ នៅវត្តធម្មសុវណ្ណ ( ហៅវត្តឈើត្រាច ) ស្ថិតនៅក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី បានឱ្យដឹងថាៈ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធបរិស័ទគ្រប់រូប ដើម្បីឧទ្ទិសកុសលជូនចំពោះបុព្វការីជនមាន មាតា បិតា គ្រូឧបជ្ឍាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយណាដែលបានចែកឋានទៅកាន់លោកខាងមុខ ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តទៀតថាៈ ទោះបីប្រទេសជាតិយើងកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺជាសកលកូវីដ-១៩  រាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណា ដើម្បីរៀបចំសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានប្រារព្ធនូវពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ  ទៅតាមជំនឿ និងការគោរពប្រតិបត្តិរបស់បងប្អូនជាពុទ្ធបរិស័ទ ដែលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ធ្វើឡើងរយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃ ១រោចដល់ថ្ងៃ ១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ ហើយការប្រារព្ធពិធីបុណ្យអាជ្ញាធរបានរៀបចំ ឱ្យស្របទៅនឹងបរិបទដែលប្រទេសជាតិរបស់យើងកំពុងប្រឈម ទៅការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យបងប្អូនជាពុទ្ធបរស័ទទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគ្រប់វិធានការទៅតាមការណែនាំរបស់អាជ្ញាធរ ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ០៣ការពារ  ០៣កុំនិងសូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

ក្នុងនោះលោកជំទាវបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាមានៈអង្ករចំនួន២០០គ.ក្រ មី៧កេស ទឹកផ្លែឈើ០៥កេស ទឹកសុទ្ធ០៥កេស ត្រីខ០៥យួរ ទឹកត្រី០៣យួរ ទឹកសុីអុីវ០៣យួរ និងបច្ច័យសម្រាប់កសាងចំនួន២៥៥.០០០០ រៀល ព្រមទាំងជូន ថវិកាដល់គណៈកម្មការ អាចារ្យ យាយជី តាជីផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *