ដោយ៖សាយ ហ្គន
ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំធំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសការតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ច ជូនមន្ត្រីរាជការ ចំនួន ០៩រូប ថ្នាក់ប្រធាន អនុប្រធាន ការិយាល័យ និងអនុប្រធានសេវាដ្ឋាន។
ពិធីនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកស្រីនាយករង ទីចាត់ការរដ្ឋបាលសាលាខេត្ត និងលោកស្រីប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត និងមានការអញ្ជើញចូលរួមពី លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងលោកប្រធាន អនុប្រធានសេវាដ្ឋានសរុបចំនួន ២០នាក់ ។
ជាកិច្ចចាប់ផ្ដើម លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឡើងសម្ដែងការស្វាគមន៍ ជូនចំពោះលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង ដែលឆ្លៀតឱកាសដ៏មមារញឹក អញ្ជើញជាអធិបតី ក្នុងពិធីនេះ ។
លោក ឈៀង សុធា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តស្វាយរៀង បានឡើងអានដីកា ស្ដីពីការតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចជូនមន្ត្រីរាជការ ចំនួន ០៩រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។ បន្ទាប់ពីទទួលដីកា លោក សួស វុទ្ធី ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក តំណាងមន្ត្រីរាជការ ដែលទើបទទួលបានការតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ច បានឡើងប្ដេជ្ញាចិត្ត ។
លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលតាមផែនការ ។
នាឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានលើកទឹកចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្ត្រីរាជការដែលទើបតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ច ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាពផ្ទៃក្នុង មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពច្បាស់លាស់ ៕