សមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកនូវសារធាតុ ញៀន

ដោយ៖ភាវុន

កណ្តាល ៖ សមត្ថកិច្ចស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន២ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ សារី យូសេង ភេទប្រុស អាយុ   ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដូង  ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោមនិង២-ឈ្មោះស្រេង  ចន្ធា  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន មានទីលំនៅ ភូមិព្រែកថី សង្កាត់ឈូងលាប ក្រុងតាខ្មៅ ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម។

វត្តុតាងចាប់យករួមមាន ១-ថ្នាំញៀនម៉ាទឹកកក ចំនួន០២ កញ្ចប់ធំទម្ងន់ ៩៨,៥៦ក្រាម,២-ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាកvivo ពណ៌ទឹកសមុទ្រនិង៣-ម៉ូតូចំនួន០១គ្រើង ម៉ាកNex ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ១FM-5472 ។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលពង់ស្វាយ សហការជាមួយកម្លាំងប៉ូលិសជំនាញគ្រឿងញៀនស្រុកកៀនស្វាយនិងប្រជាការពារ បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាលចំនួន២ រួមមាន ១-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៦៤ ដកចបខ ចុះថ្ងៃទី២៩/០៨/២០១៨ ពេជ ម៉ារ៉ែនចៅក្រមស៉ើបសួរនៃសាលាតំបូងខេត្តកណ្តាល និង២-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៥០ ចុះថ្ងៃទី០៣/០៧/២០១៨ ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។

សមត្ថកិច្ចបន្តថា ពេលជិះល្បាតដល់ចំណុចផ្លូវលេខ១១០ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ជួបប្រទះមុខសញ្ញាឈ្មោះសារី យូសេង ភេទប្រុសកំពង់ឈប់ម៉ូតូដោយមានគ្នាម្នាក់ទៀតដែលមានឈ្មោះ ស្រេង ចន្ធា ភេទប្រុសនៅលើម៉ូតូជាមួយគ្នា។ពេលនោះកម្លាំងក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ប៉ុន្ដែពេលសមត្ថកិច្ចដើរទៅជិតដល់ ជនសង្ស័យទាំងពីរនាក់មានការភ័យស្លន់ស្លោបានរត់ចោលម៉ូតូ ។ពេលនោះកម្លាំងសមត្ថកិច្ចចាប់បានម្នាក់ឈ្មោះ ស្រេង ចន្ធា ភេទប្រុស នៅអង្គុយលើម៉ូតូ និងម្នាក់ទៀតឈ្មោះ សារី យូសេង ភេទប្រុស បានរត់គេចខ្លូនចូលទៅតាមកន្លែងសិប្បកម្មផលិតដែកស្ពាន់ជិតកន្លែងកើតហេតុ រត់បានចម្ងាយប្រហែល២០០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ សារី យូសេង ទៅតាមចម្លើយសារភាពរបស់ឈ្មោះ ស្រេង ចន្ធាដែលជាជនសង្ស័យបានសារភាពថាខ្លួនបានឃើញឈ្មោះ សារី យូសេង ភេទប្រុស ពេលរត់ទៅឃើញ យកដៃលូកចូលក្នុងហោប៉ៅខោហើយបោះចោល ថង់ផ្លាស្ទិចពណ៌ផ្កាឈូកមួយនៅក្នុងសិប្បកម្មផលិតដែកស្ពាន់ជិតរបងថ្ម ។ចំណែកម្ចាស់សិប្បកម្មផលិតដែកស្ពាន់ឈ្មោះ ផឹង វណ្ណា ភេទប្រុស ក៏ឆ្លើយបំភ្លឺដែលថា «ពិតជាឃើញឈ្មោះ សារី យូសេង ភេទប្រុស ពេលរត់ទៅឃើញយកដៃលូកហោប៉ៅ បោះថង់ផ្លាស្ទិចពណ៌ផ្កាឈូក០១ចោលទៅក្នុងសិប្បកម្មផលិតដែកស្ពាន់ពិតប្រាកដមែន»។បន្ទាប់មកកម្លាំងប៉ូលិសជំនាញគ្រឿងញៀនស្រុកនិងកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលបានចាប់យកថង់ផ្លាស្ទិចពណ៌ផ្កាឈូកនោះមកឆែកមើលហើយពិតជាបានឃើញថ្នាំញៀន(ម៉ាទឹកកក) ២ថង់ផ្លាស្ទិចពណ៌ស ប៉ុនកញ្ចប់ច្រកប៊ីចេងពិតប្រាកដមែន ហើយកម្លាំងប៉ូលិសជំនាញបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះ ស្រេង ចន្ធា ភេទប្រុស បានឆ្លើយសារភាពថាពិតជាបានឃើញ ឈ្មោះសារី យូសេង ពេលរត់ទៅឃើញយកដៃលូកចូលខោប៉ៅខោយក ថង់ផ្លាស្ទិចដែលច្រកថ្នាំញៀន(ម៉ាទឹកកក)មាននៅក្នុងនោះពីរកញ្ចប់ធំបោះចោលជិតរបងថ្មកន្លែងសិប្បកម្មផលិតដែកស្ពានពិតប្រាកដមែន ហើយកន្លងមកជនសង្ស័យឈ្មោះសារី យូសេង ភេទប្រុស ជាមុខសញ្ញាប្រើប្រាស់និងជួញដូរនូវសារធាតុញៀន ហើយធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសារី យូសេង ភេទប្រុស មិនព្រមឆ្លើយសារភាពថាថ្នាំញៀន(ម៉ាទឹកកក)០២កញ្ចប់ធំនោះជារបស់ខ្លួនទេ ។បន្ទាប់ពីរសួរនាំរួច ជនសង្ស័យទាំងពីនាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាន ស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *