ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ២០២១ មន្ទីរសង្គមកិច្ចអតីតយុវជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងបានរៀបចំកម្មវិធីចែកប័ណ្ណជូនជនមានពិការភាពក្រីក្រនៅក្នុងស្រុករលាប្អៀរ ចំនួន៦ឃុំក្រោមអធិបតីភាព លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្ត លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដោយមានការចូលរួមពីលោក យង់ សៅវុឌ្ឍី អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ លោកឈាង ចន្ធីអនុប្រធាមន្ទីរសង្គមកិច្ចនិងសហការី លោក លោកស្រីមេឃុំទាំង៦ឃុំ ក្នុងស្រុករលាប្អៀរ និង ជនមានពិការភាពនៅតាមសហគមន៍ ក្នុងខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក យៀប ម៉ាលីណូ និង លោកជំទាវ តុង ណារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងជាពិសេសគុណបំណាច់របស់ជនពិការដែលបានលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីជាតិមាតុភូមិនិងផលប្រជាពលរដ្ឋសម្តេចតែងតែគិតគូរមិនដែលបោះបង់ចោលម្តងណាឡើយ។លោក យៀប ម៉ាលីណូ និង លោកជំទាវ តុង ណារី ក៏បានអំពាវនាវដល់ជនពិការនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ហើយជាពិសេសបញ្ជូនកូនដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា។
ចុងបញ្ចប់លោក យៀប ម៉ាលីណូ និង លោកជំទាវ តុង ណារីក៏បានចែកប័ណ្ណសង្គមកិច្ចដល់ជនពិការភាពក្រីក្រចំនួន៦ឃុំដែលបានចូលរួមផងដែរ៕