ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី១នៅវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១ ជាមួយពុទ្ធបរិស័ទនៅ វត្តអារញ្ញិការាម ស្ថិតនៅសង្កាត់កំពង់ឆ្នាំង  ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបានរាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ចំពោះមាតាបិតា  ជីដូន ជីតា និង ញាតិ កាលទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់ ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះសូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ  ក្នុងឋានសុគតិភពកុំបី ខានឡើយ  ។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានថ្លែងថាៈ ក្រោមដំបូលសន្តិភាព ធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នាផ្នែកការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទានគ្រប់ៗ គ្នាក្រោមការដឹកនាំកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីប្រទេសជាតិកំពុងរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយសម្ដេចបានខិតខំរិៈរកគ្រប់មធ្យោបាយស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីបណ្តាប្រទេសនានាដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយការឆ្លង និងអត្រាមរណៈរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ។

ឯកឧត្តម ឡុង ឈុនឡៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីបុណ្យកាន់ និង ភ្ជុំបិណ្ឌ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ដោយធ្វើអនាម័យអោយបានជាប់ជាប្រចាំដោយលាងសំអាតដៃជាមួយសាប៊ូ ឬជែល អោយបានញឹកញាប់ដើម្បីការពារខ្លួនកុំអោយឆ្លងមេរោគផ្សេងៗទៀតរួមគ្នាអនុវត្តនូវវិធានការរបស់អាជ្ញាធរ,ក្រសួងសុខាភិបាលជាពិសេសអនុវត្តអោយបានជាប់ជាប្រចាំនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏សាហាវនៅក្នុងគ្រួសារនិងដហគមន៍យើង។សូមប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ក្នុងពិធីនេះដែរ ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ  រួមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការបានប្រគេនបច្ច័យសម្រាប់កសាងចំនួន៥០០០ ដូល្លាដល់ព្រះសង្ឃគង់ចាំព្រះវស្សា និង ជូនថវិកាដល់យាយជី តាជី និងប្រជាការពារនិងបានចែកមួកការពារសុវត្ថិភាពនិងចែកអំណោយដល់ប្រជាពលរដ្ឋ៥០គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *