ខេត្តកំពង់ចាម បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋ ដែលមានអាយុចាប់ពី ១២ឆ្នាំឡេីង

កំពង់ចាម :  លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និង ជា ប្រធាន គណៈកម្មការ ចំពោះ កិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុង ក្របខណ្ឌ ទូទាំង ប្រទេស  និង ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត និងជាប្រធានអនុគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ខេត្តកំពង់ចាម  បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩  ជូន ប្រជាពលរដ្ឋ   ដែលមានអាយុ ចាប់ពី១២ឆ្នាំ ឡើង  ពិធី នេះ ត្រូវបាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី២១  ខែកញ្ញា  ឆ្នាំ២០២១ នៅ សាលាខេត្តកំពង់ចាម  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម   បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង  សរុបចំនួន ៦៨៥,៦២៤ នាក់  ស្មើនឹង ៨៤. ៤២% នៃផែនការ ចំនួន ៨១២,១៣២នាក់ ។ ដោយ យុទ្ធនាការចាក់វ៉ាក់សាំង កន្លង មក នេះ   ចំពោះ  ព្រះសង្ឃ  មន្ត្រីរាជការ  កងកម្លាំង ប្រដាប់ អាវុធ  និងអតីត យុទ្ធជន ក្នុង ខេត្តកំពង់ចាម   ទទួលបាន ការ ចាក់ វ៉ាក់សាំង កូវីដ-១៩  ដោយ ឥតគិតថ្លៃ ជាបន្តបន្ទាប់  ចាប់ពី ដេីម ខែមិនា  ឆ្នាំ ២០២១  ។ ក្នុងនោះ  ប្រជាពលរដ្ឋ ដែល មាន អាយុ ចាប់ពី  ១៨ឆ្នាំ ឡើង  ទទួលបានការចាក់ វ៉ាក់សាំង កូវីដ-១៩  ចាប់ពីថ្ងៃទី  ២៩  ខែមិថុនា  ឆ្នាំ២០២១  ។ សម្រាប់ កុមារ  និង យុវវ័យ  ដែល មាន អាយុ ចាប់ ពី ១២ឆ្នាំ  ឡើង ដល់ ក្រោម   ១៨ឆ្នាំ  ចាប់ពីថ្ងៃទី  ៩  ខែសីហា  ឆ្នាំ ២០២១  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  បានគូសបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់មនុស្សអាយុចាប់ពី  ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន  ៩កន្លែង ដើម្បី ឲ្យ ប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ប្រជាពលរដ្ឋចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ  មកទទួល វ៉ាក់សាំង ក្រោយពីបិទបញ្ចប់យុទ្ធនាការនេះ ផងដែរ ។

ក្នុង ឱកាសនោះ ដែរ លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន  បាន ឲ្យដឹងថា  កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា  គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១  មាន  ៩៨,៣៣%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *