ដោយ៖ភាវុន
កណ្ដាល ៖ មាន ករណី គ្រោះ ថ្នាក់ ចរាចរណ៍ រថយន្តបែន,រថយន្តដឹកអ្នកដំណើរ, ម៉ូតូ និងអ្នកលក់ដូរ បណ្ដាលឱ្យស្លាប់៣នាក់,របួសធ្ងន់០៦នាក់ កេីតឡើងនាថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង២និង៥០នាទីរសៀល នៅលេីផ្លូវជាតិលេខ៨ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ខាងកើត ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកNISSAN ធុនបែន ពណ៌ស ផ្លាកលេខ PP-0319បើកបរដោយឈ្មោះ ផន មករា ភេទប្រុស អាយុ ២៣ឆ្នាំនៅភូមិត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពាន មកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាកHonda Dream ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D5675 បេីកបរដោយឈ្មោះ ឃាង ភេទ ប្រុសអាយុប្រហែល ៤៥ឆ្នាំនៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម(ស្លាប់)និងរបួសអ្នករួមដំណើរ០៣នាក់។
សមត្ថកិច្ចបន្តថា អ្នករួមដំណើរ០៣នាក់មាន ១-ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ (ជាប្រពន្ធ ស្លាប់),២-ឈ្មោះ ឃាង កៅលី ភេទប្រុស អាយុ ១២ឆ្នាំ(ជាកូន ស្លាប់)និង៣-ឈ្មោះ ឃាង ប៉ជូ ភេទស្រី អាយុ ៧ឆ្នាំ(របួសធ្ងន់ ជាកូន)នៅភូមិឃុំជាមួយគ្នា ។
សមត្ថកិច្ចបន្តថា បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល់រងបួសធ្ងន់និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទស្រី អាយុ២៤ឆ្នាំរបួសធ្ងន់ នៅភូមិឃុំជាមួយគ្នា ហើយរថយន្តបង្កខាងលើបានបុករថយន្តឈប់ទិញផ្លែឈើ ម៉ាកSang yong បើកបរមិនស្គាល់ឈ្មោះ(របួសធ្ងន់)នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បណ្តាលឱ្យអ្នករួមដំណើរប្រហែល៧នាក់ ក្នុងនោះរងបួសម្នាក់(ធ្ងន់)ឈប់ក្នុងទិសដៅពីលិចទៅកើត ,រថយន្តបង្កខាងលើជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀតតែមិនបណ្ដាលឱ្យម្ចាស់តូបរងរបួសឡើយ ។
ចំពោះករណីខាងលើនេះបណ្ដាលឱ្យមានជនរងគ្រោះ០៩នាក់ក្នុងនោះស្លាប់០៣នាក់រងរបួសធ្ងន់០៦នាក់,ខូចខាតរថយន្ត០២គ្រឿងធ្ងន់និងម៉ូតូ០១គ្រឿងធ្ងន់ព្រមទាំងតូប០៣កន្លែងនិងសម្ភារមួយចំនួន។មូលហេតុអ្នកបើកបរបង្កខាងលេីបេីកបរដឹកធ្ងន់ចុះពីលើស្ពានក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ ឈ្មោះថន មករា ភេទប្រុស អាយុ២៣ឆ្នាំ ចាត់ការបន្តតាមច្បាប់៕