អភិបាលខេត្តប៉ៃលិន ស្ថាបនាផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលទទួលរងការខូចខាតឱ្យល្អឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ក៍ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន តែងតែពោលសរសើរមិនដាច់ពីមាត់ថា “រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ” ជារមណីយដ្ឋានមួយ ដែលស្រស់ស្អាត និងទាក់ទាញជាងគេក្នុងខេត្តមួយនេះ ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើឱ្យភ្ញៀវទេសចររអ៊ូរទាំបំផុតនោះ គឺចាប់ពីផ្លូវចូលខ្លោងទ្វារឆ្ពោះទៅកន្លែងលេងទឹកជ្រោះ មានការខូចខាតគួរឱ្យកត់សម្គាល់ ពោលគឺលំបាកក្នុងការបើកបរម៉ូតូ ឬរថយន្តយ៉ាងខ្លាំង ដោយគេសង្កេតឃើញផ្លូវ ទទួលរងការខូចខាតអស់រយៈពេលជាយូរឆ្នាំមកហើយ អត់មានអ្នកណាស្ថាបនា ឬជួសជុលនោះទេ ទើបតែរហូតមកដល់់ពេលនេះ ខណៈដែលលោកជំទាវ បាន ស្រីមុំ ឡើងកាន់តំណែងជាអភិបាលខេត្តថ្មីភ្លាម បានចាប់ផ្តើមធ្វើការស្ថាបនាតែម្តង ។ប្រភពដដែលបន្តថា ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែ មករា  ឆ្នាំ ២០២១  លោកជំទាវ  បាន ស្រីមុំ អភិបាល  នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាន អញ្ជើញ ចុះពិនិត្យមើលសកម្មភាពការងារដែលគ្រឿងចក្រ កំពុងធ្វើការឈូសឆាយ កៀរកិនដីផ្លូវឡើងទៅរមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលកំពុងទទួលរងការខូចខាតយ៉ាងដំណំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។ ដូច្នេះ ដើម្បីចូលរួមស្តាវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ទើបពេលនេះ ត្រូវបានអភិបាល ខេត្តបញ្ជាឱ្យមន្ទីរជំនាញ យកគ្រឿងចក្រ ចុះស្តារស្ថានភាពផ្លូវអោយបានល្អស្អាតឡើងវិញ ងាយស្រួលក្នុងការធ្វើដំណើរឡើងចុះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនកុះករផងដែរ ។

ចំណែកខាងឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានការត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈពេលដែលឃើញផ្លូវចូលរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ត្រូវបានអាជ្ញាធរជួសជុលឡើងវិញ ហើយសង្ឃឹមថានឹងមានការចាក់បេតុងថែមទៀតផងដែរ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *