(ប៉ៃលិន) ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗ ដែលកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត ។ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ក្រោយពីលោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានអានរបាយកាណ៍ស្តីពីស្ថានភាពទូទៅនៃខេត្តប៉ៃលិន និងប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិនានា នាពេលកន្លងមក និងសកម្មភាពក្រុមការងារទាំងអស់ ដែលបានចុះជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសគឺនៅពេលប្រជាពលរដ្ខជួបគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងទៅនេះ និងបានយកស្បៀងអាហារ រួមនឹងថវិកាមួយចំនួន ដែលជាជំនួយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចែកជូនពលរដ្ឋដល់លំនៅឋាន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ពួកគាត់ ។
ជាមួយគ្នាក្នុងនាមជាសេនាធិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការងារគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងខេត្តប៉ៃលិន។ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ដូច្នេះថា «ដើម្បីត្រៀមបង្ការ និងឆ្លើយតប ឱ្យបានទាន់ពេលវេលា អាជ្ញាធរខេត្ត ត្រូវធ្វើផែនការត្រៀមឲ្យបានលម្អិតជាក់ស្តែង រួមទាំងការបម្រុងទីទួលមានសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានការរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម»។បើទោះបីជាយ៉ាងណា ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន ដែលបានក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយនាពេលកន្លងមក។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ ៕ ដោយ ៖ នីយ៉ា