ដោយ៖សៅ នៅ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិថៃរកស៊ីជាមួយគ្នារាប់ឆ្នាំ ចុងក្រោយឆបោកមិនអោយលុយ ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2021 ដើម្បីចាត់ការបន្តតាមនីតីវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ចិរ៉ា ខុងឌី ភេទស្រី អាយុ30ឆ្នាំ ជាជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពឆបោកយកប្រាក់ពីជនរងគ្រោះឈ្មោះ ងឹម សារី ភេទប្រុស អាយុ34ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបជាប្រាក់ថៃចំនួន651,000បាត(ប្រាំមួយសែន ប្រាំម៉ឺន មួយពាន់បាត) ជាបន្តបន្ទាប់ នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2021។
លោកនួន នីណារ៉ូ បញ្ជាក់ថា យោងតាមការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ ងឹម សារី បានឱ្យដឹងថា ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2021នេះ ជនសង្ស័យបានមកវេរប្រាក់នៅហាងរបស់ខ្លួននៅចំណុចបុរី KTH ក្រុងប៉ោយប៉ែត ដោយវេរប្រាក់ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ជាបន្តបន្ទាប់សរុបប្រាក់ថៃចំនួន451,000បាត (បួនសែន ប្រាំម៉ឺន មួយពាន់បាត) វេរប្រាក់រួចជនសង្ស័យ បានសន្យាឱ្យខ្លួនទៅយកប្រាក់សុទ្ធនៅបន្ទប់ជួលរបស់គេនៅម្ដុំដីស ស្ដិតក្នុងក្រុងប៉ោយប៉ែត។ បន្ទាប់មកទៀតនៅ ថ្ងៃ ខែ ឆ្នាំ ដដែលរូបខ្លួនបានទាក់ទងទៅហាងរបស់ខ្លួនមួយកន្លែងទៀតនៅផ្សារទំនើប ប៊ិកស៊ី ក្រុងប៉ោយប៉ែត ជនសង្ស័យបានឱ្យរូបខ្លួនវេរប្រាក់មុនទៅឈ្មោះ ខាងលើដដែលចំនួន200,000បាត(ពីរសែនបាត) បន្ថែមទៀត ហើយខ្លួនពុំទាន់បានទទួលប្រាក់សុទ្ធនៅឡើយទេ ទាំងពីរលើក ដោយសារទុកចិត្តឈ្មោះ ចាន់ចិរ៉ា ខុងឌី ជាម៉ូយប្រចាំរាប់ឆ្នាំ ទើបខ្លួនវេរប្រាក់ជាបន្តបន្ទាប់សរុបចំនួន651,000បាត (ប្រាំមួយសែន ប្រាំម៉ឺន មួយពាន់បាត)។
ក្រោយពីវេរប្រាក់ចំនួនពីរលើករួចរូបខ្លួនបានទៅយកប្រាក់ពីឈ្មោះ ចាន់ចិរ៉ា ខុងឌី នៅកន្លែងស្នាក់នៅបណ្ដោះអាសន្នខាងលើ ស្រាប់តែជនសង្ស័យរូបនេះបានគេចខ្លួនបាត់ ទើបដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។ បន្ទាប់ពីអាវុធហត្ថក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2021នៅក្រុងប៉ោយប៉ែត ជនសង្ស័យបានសារភាពតាមការចោទប្រកាន់របស់ដើមបណ្តឹងពិតប្រាកដមែន ទើបបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមផ្លូវច្បាប់៕