ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានក្រើនរំឮកដល់ពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីបានចាក់វ៉ាក់សាំងរួចក៏ដោយ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ  ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តរួមគ្នាអនុវត្តន៍តាមផែនការដែលបានដាក់ចុះ សំដៅប្រសិទ្ធភាពការងារ និងជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និងរួមគ្នាអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តវិធានការ៣កុំ៣ការពារជាប់ជាប្រចាំ បើទោះបីជាយើងបានចាក់វ៉ាក់សាំង ឬក៏អាចនិយាយបានថាមានថ្នាំព្យាបាលក៏ដោយ។

ការអំពាវនាវបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគណបក្សខេត្ត ប្រជុំឆ្លងការងារចាត់តាំង និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការងារឃោសនាបោះឆ្នោតឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ របស់គណបក្សខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាក់ស្រោចវ៉ាក់សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារ និងក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុ១៨ឆ្នាំ និងកំពុងដំណើរការចាក់ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីរាជការ កងកម្លាំងជួរមុខប្រជាពលរដ្ឋ (ដល់អ្នកមានអាយុ ១៨ឆ្នាំឡើង បានជិត១០០ភាគ កុមារ និងវ័យជំទង់ អាយុ១២ ឆ្នាំដល់១៧ឆ្នាំ ចាក់បាន ប្រមាណ ៩០ភាគរយ) ព្រមទាំងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមាអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋបង្កើតភាពស៊ាំ ក្នុងសង្គមពន្លឿនការបើកសង្គម-សេដ្ឋកិច្ច និងដំណើរការសាលារៀនឡើងវិញ។

ក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែលគណបក្សទទួលបាននៅក្នុងស្ថានភាព ដែលពិភពលោកទាំងមូល និងកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល ជិត២ឆ្នាំកន្លងមកនេះ ក្រោមគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពជឿជាក់របស់សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀតសំដៅ កសាងបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនេះនាពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានបន្ថែមថា តាមរយៈការដាក់ចេញនូវវិធានការជំហានៗ ប្រកបដោយ ភាពជឿជាក់ និងប្រាកដនិយម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩ អនុវត្តនូវយុទ្ធសាស្រ្តបីសំខាន់ៗគឺ៖ ទប់ស្កាត់ ព្យាបាល និងការចាក់វ៉ាក់សាំង ហើយដៃម្ខាងទៀត គឺការអនុវត្តគោលនយោបាយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងធុរៈកិច្ចគ្រប់វិស័យ ដើម្បីរក្សាបាននូវតុល្យភាពសង្គម-សេដ្ឋកិច្ច។

ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យ ភាពបូរណភាព ដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទប់ស្កាត់បានរាល់ការប៉ុនប៉ងនានា របស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចិញ្ចឹមចិត្តបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាពធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *