ដោយ៖សៅ នៅ
បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឃាត់បានជនសង្ស័យចំនួន03នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាតាមច្បាប់នៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2021។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀនបានប្រាប់ថា ជនសង្ស័យ1.ឈ្មោះ ចាន់ គីម ភេទស្រី អាយុ33ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ 2.ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ42ឆ្នាំ មុខរបរកម្មករលើកគីបខោអាវ(ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ។ 3.ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ31ឆ្នាំ នៅភូមិបាលិលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខសញ្ញាប្រើប្រាស់។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន)ចំនួន03កូនថង់តូចទម្ងន់ស្មើ6.09ក្រាម ថ្លឹងទាំងសំបក ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួនចំនួន60គ្រាប់ ដែកកេះ សំបកថង់មួយចំនួន,និងបំពង់បឺតមួយចំនួន។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួល ពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជនសង្ស័យខាងលើ ត្រូវបានបង្ក្រាប នៅវេលាម៉ោង02និង30នាទីរសៀលថ្ងៃទី17ខែកញ្ញា ឆ្នាំ2021 នៅចំណុចបន្ទប់ជួល1កន្លែង ស្ថិតនៅភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកស្នងការរង វរសេនីយ៍ឯកធិន ស៊ិនដេត បានបញ្ជាក់ថា៖ជនសង្ស័យទាំង03នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕