កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលកូនៗ ក្មួយៗ រង់ចាំបានមកដល់ហេីយគឺ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក្តីសង្ឃឹមរបស់កុមារ និងយុវ័យ គឺការទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីមានឱកាសបានចូលសាលារៀនវិញ ។ ការ ថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែង ថា យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា មកលើចៅៗ កុមារ ដើម្បីជំរុញ ឲ្យ មានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែល កុមារ អាយុចាប់ពី ១២ឆ្នាំ រហូតដល់ ១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ឡើងវិញផងដែរ ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ផងដែរ ។ ដូច្នេះ យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ចាប់ពីអាយុ ៦ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ វានឹងអាចបន្ស៊ីទៅនឹងផែនការ បើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្នាក់កម្រិតបឋម ហើយក្មួយៗ ក៏អាចនឹងឈានចាក់វ៉ាក់សាំងម្ជុលទី ២ និងទទួលបានភាពសាំនៅក្នុងខ្លួន ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តអភិបាល ខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង រួចហើយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បន្តអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ពិសេស ការអនុវត្តវិធាន ៣ការពារ ៣កុំ ដើម្បីជៀសផុតពី ជំងឺដ៏កាចសាហាវនេះ ។
គួរ បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០៦.៥០១នាក់ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀចំទីតាំងចាក់ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែង ។ ដោយ បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៥៧៩.៩៥២នាក់ ស្មើនឹង ៨២,៦៥% និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១០៧.៦៩៦នាក់ ស្មើនឹង ៩៧,៥៦% ។
ក្នុង ឱកាស នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ ក៏បានអញ្ជើញពិនិត្យអាគារ សម្រាប់រៀបចំម៉ាស៊ីនផលិតអុកស៊ីសែន ដែលមានទីតាំង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម សម្រាប់បម្រើ ឲ្យ ការព្យាបាលជំងឺកូវីដ-១៩ ផងដែរ ៕