សមាជិកព្រឹទ្ធសភាជំរុញឲ្យអាជ្ញាធរ.ខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ទទួលខុសត្រូវ និងមានប្រសិទ្ធភាព

ដោយ៖ឈិត សំបូរ

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយ ស្រុកកំពង់ស្វាយ ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយឈរ​លើគោលការណ៍ទទួលខុសត្រូវ និងមានប្រសិទ្ធភាព។

លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកជំទាវជួបសំណេះសំណាលជាមួយ អាជ្ញាធរឃុំ ភូមិនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។មានការចូលរួមពីលោកជំទាវ លឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ រួមនិងក្រុមការងារផងដែរ ។

លោកជំទាវបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់ក្រុមការងារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំ រួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យដើម្បី រក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមនិងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច – សង្គម បានល្អ ប្រសើ ឆ្ពោះទៅមុខ ។

លោកជំទាវបានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយក្រុមការងារចុះមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយដោយឈរលើគោលការណ៍ទទួលខុសត្រូវនិងមានប្រសិទ្ធភាពព្រមទាំងផ្តល់ឱកាសដល់ប្រជាពលរដ្ឋឲ្យមានការបញ្ចេញមតិយោបល់ដោយមិនប្រកាន់ បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ។

បន្ថែមពីនេះត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មីត្រូវមានការសាមគ្គីភាពជាមួយសមាជិកដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះនិងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ហើយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព សង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀននិងចូលរួមអនុវត្តបង្ក្រាបបទល្មើសផ្សេងៗ។

ត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តជំរុញនិងលើកកម្ពស់ ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់ តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សដោយមិនប្រកាន់និន្នាការនិយោបាយ ជាតិសាសន៍ ពណ៌សម្បូរនោះឡើយ។

លោកជំទាវបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យធ្វើអំពើល្អជាគម្រូល្អដល់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ត្រូវថែរក្សាសុខភាពពិសេសការពារជំងឺកូវីដ-១៩និងទៅទទួល វ៉ាក់សាំងឲ្យបានគ្រប់គ្នា។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋបានធ្វើការសំណូមពរសូមឲ្យក្រុមការងារជួយសាងសង់ផ្លូវដីសប្រវែង២៥គីឡូម៉ែត្រចេញពីឃុំកំពង់គោទៅឃុំផាត់សណ្តាយដើម្បីបងប្អូនងាយស្រួលធ្វើដំណើរនិងដឹកកសិផលផ្សេងៗនៅរដូវប្រាំងព្រោះថារដូវប្រាំងទឹកស្ទឹងសែនគោករាក់អស់ ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *