ដោយ៖សៅ នៅ
បន្ទាយមានជ័យ៖ កម្លាំងយោធាការពារព្រំដែនលេខ503 ធ្វើការទប់ស្កាត់ ពលករចំណាកស្រុកទៅប្រទេសថៃស្ទាក់បានរថយន្តចំនួន02គ្រឿងនិងគោយន្ត01គ្រឿងឃាត់អ្នកបើកបររថយន្តនិងគោយន្តបានចំនួន03នាក់ដែលបានដឹកពលករប្រុស.ស្រីចំនួន26នាក់ បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសដោយខុសច្បាប់។
ការទប់ស្កាត់ពលករដែលលួចទៅឆ្លងដែនដោយខុសច្បាប់នៅវេលាម៉ោង01និង00នាទី ថ្ងៃទី16 កម្លាំងទីបញ្ជាការកង503 ដឹកនាំដោយ លោក វរសេនីយ៍ទោ លេ លឿត មេបញ្ជាការរងកងការពារព្រំដែនលេខ503បាន ទប់ស្កាត់ពលករចំណាកស្រុក ខុសច្បាប់ ចំនួន2 លើកនៅចំណុច TA(70351.32628) ផ្លូវបំបែកវិស្វកម្ម និងផ្លូវតែហាំង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ទោ លេ លឿត មេបញ្ជាការរងកងការពារព្រំដែនលេខ503 បានឲ្យដឹងថា ការទប់ស្កាត់ពលករទាំងនេះមានចំនួន2 លើក លើកទី1 ឃាត់បានចំនួន16នាក់ (ស្រី09នាក់) ក្នុងនោះកុមា1នាក់ រថយន្ត02គ្រឿង ម៉ាកកាម៉ារីពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 2A-0206 ម្ចាស់រត់គេចខ្លួនបាត់ និងរថយន្តម៉ាកកាម៉ារីពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A-0521 ឃាត់បានម្ចាស់02នាក់ប្តី ប្រពន្ធ។
លោកមេបញ្ជាការង បានបញ្ជាក់ថាលើក02នៅយប់ថ្ងៃដដែល ទប់ស្កាត់បានពលករ10នាក់ (ស្រី02នាក់) ក្នុងនោះកុមារ1នាក់ដែលលួចជិះតាមគោយន្តបន្លំធ្វើដូចអ្នកស្រុកចម្ការ និងឃាត់បានម្ចាស់គោយន្ត1នាក់។
សមត្ថកិច្ចដដែលបានឲ្យដឹងថា ចំពោះពលករប្រុស.ស្រី ទាំង26នាក់បញ្ជូនពួកគាត់ទៅ ក្រុមការងារចម្រុះចាំទទួលពលករនៅច្រកអូរបីជាន់ស្រុកអូរជ្រៅដើម្បីពិនិត្យសុខភាពរកជំងឺ កូវីដ-19។ រីឯម្ចាស់រថយន្ត ម្ចាស់គោយន្តទាំង03នាក់រួមទាំងរថយន្តត្រូវបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕