កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹង មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានអមដំណើរ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមនឹងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា -ព្រឹទ្ធសភា បាន ចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ-១៩ អាស្រ្តាហ្សេនីកា (Astrazeneca) ដូសទី៣ ឬដូសជំរុញ នៅសាលាខេត្តកំពង់ចាម ។
គួរ បញ្ជាក់ ថា ចំពោះ លទ្ធផល នៃការចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ចាម ចាប់ គិតពីថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២១ រហូតមកដល់ ពេលនេះ នៅទូទាំងខេត្ត សម្រេច ចាក់វ៉ាក់សាំងបង្ការ ជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ៦៧២,៥១៥នាក់ ស្មើនឹង ៨២.៨០% នៃផែនការគ្រោង ប្រមាណជា ៨១២.១៣២នាក់ ។ ក្នុងនោះ ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្ត ដែល ត្រូវ ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ មាន ចំនួន ៧០១,៧៣៨នាក់ ក្នុងនោះ ចាក់ដូសទី១ រួចបាន ចំនួន ៣៨៨,៣៩២នាក់ ស្មេីនឹង៥៥.៣៥% និង ដូសទី២ បានចំនួន ៣៥៤,០២៨នាក់ ស្មេីនឹង៥០.៤៥% ។ ចំពោះ កុមារ និងយុវវ័យ អាយុ ១២ ដល់ ១៨ឆ្នាំ ដែល ត្រូវ ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ មាន ចំនួន ១១០,៣៩៤នាក់ ក្នុងនោះ ចាក់ ដូសទី១ រួចបាន ចំនួន ១០៦,៦០៥នាក់ ស្មើនឹង ៩៦.៥៧% និង ដូសទី២ បានចំនួន ៨០,៦៩៧នាក់ ស្មើនឹង ៧៣.១០% ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងប្រជាពលរដ្ឋ អាយុពី១២ឆ្នាំឡើង នៅទូទាំងខេត្ត និងបើកដំណើរការជាអចិន្ត្រៃយ៍ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាម មន្ទីរពេទ្យបង្អែកទាំង០៩កន្លែង ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ផងដែរ ៕