ខេត្តកំពង់ឆ្នាំង:ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយមន្រ្តីសាខាបានចុះត្រួតពិនិត្យលើកទី ២ ក្នុងការសាងសង់លំនៅដ្ឋាននិងឣណ្ដូងទឹកដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ គ្រួសារចំនួន២ នៅភូមិ ខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកន្លងមកសម្តេចតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏មានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់ទៅចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់វ៉ាក់អោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់អណ្តូងទឹកស្អាត១គ្រឿង និងបន្ទប់ទឹក ក្នុងមួយគ្រួសារៗ ដោយឡែកការសាងសង់បានប្រមាណ៨០ភាគរយហើយ នឹងបញ្ចប់ការសាងសង់លំនៅដ្ឋាននិងអណ្តូង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ឯកឧត្តមក៏បានចែកអំណោយជូនគ្រួសារជួបការលំបាកនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដចំនួន១០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ១យួរនិងទឹកសុទ្ធ១កេសផងដែរ៕ដោយ៖ សុក្ខារិន