បន្ទាយមានជ័យ៖ក្រុមជនសង្ស័យសកម្មក្នុងការឆក់កាបូបលុយនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន02នាក់ ស្តាយនៅម្នាក់បានដឹងខ្លួនមុនរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ ចំពោះជនសង្ស័យទាំង02នាក់រួមទាំងម៉ូតូ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំបញ្ជូនបន្តទៅតុលាការ នៅរសៀលថ្ងៃទី30 ខែសីហា ឆ្នាំ 2021។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវអស់រយៈពេល02ថ្ងៃទើបចាប់ខ្លួនជនសង្ស័យទាំងពីរនាក់បានសម្រេច តែម្នាក់ដឹងខ្លួនមុនលួចគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក សៅ សារឿន បានឲដឹងទៀតថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន02នាក់ 1.ឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ20ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត និងទី2.ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ17ឆ្នាំ ជនសង្ស័យទាំង02នាក់ ស្នាក់នៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបជាលើកចុងក្រោយ កាលពី 2ថ្ងៃមុន គឺឆក់កាបូបរបស់ជនរងគ្រោះ ឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ32ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងកាបូបដែលចោរឆក់បាត់នោះមាន ប្រាក់បាតចំនួន3000B(បីពាន់)បាត,ប្រាក់រៀល ចំនួន50000រៀល(ប្រាំម៉ឺន)រៀល,អត្តសញ្ញាណប័ណ្ណចំនួន1 កាតចាក់ថ្នាំកូវីត19 ចំនួន1សន្លឹក ទូរស័ព្ទដៃម៉ាក អាយហ្វូន8ផ្លាស់ ពណ៍ស ចំនួន1គ្រឿង និងសម្ភារៈផ្សេងទៀត។
ពេលសួរនាំជនសង្ស័យបានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតជាញឹកញាប់ពិតប្រាកដមែន តែអ្នកដែលធ្វើសកម្មភាពខ្លាំងជាងគេ គឺឈ្មោះ និច អាយុ17ឆ្នាំ ពេលនេះគេបានរត់គេចខ្លួនបាត់ហើយ៕