ខេត្តរតនគិរីៈ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងលោកជំទាវ បាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨០គ្រួសាររស់នៅក្រុងបានលុង ខេត្តរតនគិរី។ ពិធីចែកអំណោយប្រារព្ធធ្វើឡើង នៅបរិវេណសាលាក្រុងបានលុង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី អភិបាលក្រុង មេភូមិ និងចៅសង្កាត់ទាំង៤។
ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ឯកឧត្តម ខាន់ ខុន ដែលបានខិតខំស្វែងរកថវិកា និងមូលនិធិដើម្បីចុះមកជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ នៅក្នុងខេត្តរតនគិរីរបស់យើង។ ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់ទាំងអស់ បន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយរក្សាអនាម័យ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាតអោយត្រឹមត្រូវ និងសំណូមពរ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអាណាព្យាបាលដែលមានកូនអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ មកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នានៅពេលដែលដល់វេនខ្លួន ដើម្បីការពារខ្លួនយើងពីជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីនេះ។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង៨០គ្រួសារ នាឱកាសនេះ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមសង្ឃឹមថា អំណោយដែលបាននាំមកជូននាពេលនេះ នឹងអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈ សម្រាប់យកមកធ្វើការប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តមក៏បានបន្ថែមថា ឯកឧត្តមនឹងខិតខំស្វែងរកជំនួយជាថវិកា និងមូលនិធិផ្សេងៗទៀត ដើម្បីមកជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក បន្ថែមទៀតនាឱកាសក្រោយៗ។ ឯកឧត្តមក៏បានសំណូមពរ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការសុខាភិបាលរួមមាន ៣ការពារ ៣កុំ ដើម្បីអោយយើងទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថាអំណោយដែលបាននាំមកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេសតូច ទឹកត្រី១យួរ និងអាហារបំប៉នមួយកញ្ចប់ធំផងដែរ៕