ផ្លូវចូលទៅវត្តសាក់សំពៅដែលខូចខាតត្រូវអាជ្ញាធរខណ្ឌដង្កោស្ថាបនារួចរាល់ហើយ

កណ្តាល ៖ ផ្លូវចូលទៅកាន់ វត្ត សាក់សំពៅ ចាប់ពីចំណុចផ្លូវលេខ១០៤ ( ផ្លូវ ២០អា ) សង្កាត់គងនយ ឆ្លងកាត់ក្លោងទ្វារ វត្ត សាក់សំពៅ ស្ថិតក្នុងសង្កាត់សាក់សំពៅ កាលពីមុនរងការខូចខាតយ៉ាងខ្លាំង

ដោយមានការសំណូមពរជាច្រើនលើកច្រើនសារពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ឥឡូវត្រូវបានអាជ្ញាធរខណ្ឌដង្កោ ស្ថាបនាជាផ្លូវបេតុង

បានល្អប្រសើរហើយ ។

ដោយឡែក ក្លោងទ្វារវត្ត សាក់សំពៅ ដែលរងការបុក ប៉ះ ពីសំណាក់ក្រុមរថយន្តធុនធំទាំងនោះ គឺនៅមិនទាន់មានការកសាង ឬ ស្ថាបនា ជួសជុល អោយបានស្អាតនៅឡើយនោះទេ  ដែលបញ្ហានេះ នៅតែជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដដែល ដោយពួកគាត់ចេះតែមានការព្រួយបារម្មណ៍នៃការបាក់ធ្លាក់នៅថ្ងៃណាមួយមិនខាន ។

ពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ កាលពីកន្លងទៅ ធ្លាប់ប្រាប់ឲ្យដឹងថា បញ្ហាផ្លូវ គឺមិនបាច់និយាយទេ ខូចចង់អស់ហើយ ដោយឡែក ក្លោងទ្វារចូលទៅកាន់ វត្ត សាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀត ជាអ្នកបំផ្លាញ ។ រឿងផ្លូវវិញ ពេលខែប្រាំងដីហុយ ពេលភ្លៀងបែកភក់ជ្រាំ ធ្វើដំណើរទៅមកសឹងតែមិនចង់កើត បញ្ហានេះកើតមានរាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ ហូបបាយមិនចង់កើតនោះទេ ដោយសារដីហុយ ។ ពេលស្រែក ទើបគេស្រោចទឹកអោយម្តងម្កាលទៅ ប៉ុន្តែបើមិនស្រែកវិញ ក៏គេមិនខ្វល់នោះដែរ ។

ពលរដ្ឋប្រាប់បន្តអោយដឹងថា អ្វីដែលពួកគាត់ចង់បាននោះ គឺសំណូមពរ សូមអោយអាជ្ញាធរជួយស្ថាបនាជាផ្លូវបេតុង និង ជួសជុល កសាងក្លោងទ្វារ វត្តសាក់សំពៅ អោយបានល្អស្អាតឡើងវិញ ពីព្រោះថា ផ្លូវក៏លំបាក និងជាពិសេស ណាមួយខ្លាចក្លោងទ្វារ វត្ត សាក់សំពៅ បាក់រលំទៀតផង ។

ពលរដ្ឋប្រាប់ថា ក្រុមរថយន្តដឹកដី ដឹកខ្សាច់ បើកបរចេញពីរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនទីតាំង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹស  សង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របអោយបានល្អនោះទេ ។ ក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ក៍តែងតែបង្កផលប៉ះពាល់ បរិស្ថានទូទៅ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជាពិសេសក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ  ភាគច្រើន គឺគ្មានស្លាកលេខទៀតផង ។

ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ដឹកខ្សាច់បើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ ៕ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *