ប៉ៃលិន ៖ ប្រជាពលរដ្ឋម្នាក់កំពុងតែមានការកាក់កបនឹងមុខរបរចិញ្ចឹមបង្កងបង្កាត់ពូជលក់ ហើយក៍មានម៉ូយកុម្ម៉ង់ទិញយកទៅចិញ្ចឹមជាហូរហែ ដែលជួយធ្វើឲ្យជីវភាពគ្រួសាររបស់គាត់កាន់តែប្រសើរឡើងបន្តិចម្តងៗ ។
ជួនជាមួយភ្នាក់ងារសារព័ត៌មានលោក គឹមសៀ អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឲ្យដឹង កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១នេះថា ៖ មុនដំបូងគាត់មានចំណាប់អារម្មណ៍ទៅលើការចិញ្ចឹមបង្កងនេះ ហើយលោកក៍បានទៅសួរនាំកសិករចិញ្ចឹមបង្កង១កន្លែង ដោយបានទិញមេបង្កងពីគេ មួយក្បាល១០ដុល្លារ ហើយក៍រៀនយកបទពិសោធន៍ពីគេនៅខេត្តបាត់ដំបង កាលពីឆ្នាំ២០១៩ ដែលគេទទួលបានជោគជ័យលើការចិញ្ចឹមបង្កងនេះ និងទិញកូនបង្កងមកចិញ្ចឹមដែរ តែជាអកុសល បណ្តាលឱ្យងាប់អស់ជាច្រើន ទោះបីជាយ៉ាងណាក៏គាត់មិនបោះបង់មុខរបរនេះដែរ គឺនៅបន្តចិញ្ចឹមដដែល ។ លោកបន្តទៀតថា ពេលចិញ្ចឹមដំបូង គឺគាត់រៀបចំធ្វើអាងតែមួយ ឬពីរអាងប៉ុណ្ណោះលុះដឹងពីចិញ្ចឹម លែងមានងាប់ ហើយយូរៗទៅ បង្កងញីពង និងកូនកាន់តែច្រើនឡើងៗ ទើបរហូតមកដល់ឆ្នាំ២០២១នេះ គាត់ក៍ពង្រីកអាងកាន់តែច្រើនដែរ ហើយក៍មានអ្នកមកកុម្ម៉ង់ទិញកូន និងមេយកទៅចិញ្ចឹមជាច្រើន ធ្វើឲ្យគាត់បង្កាត់ពូជលក់ស្ទើរតែមិនទាន់ ។ ជាមួយគ្នានឹងការជោគជ័យនេះលោកក៍បានប្រាប់ពីគន្លឹះថាមុននឹងប្រជាពលរដ្ឋយើង ចង់ចាប់មុខអាជីពចិញ្ចឹមបង្កងនេះ គឺយើងត្រូវតែទៅរៀនសូត្រ យកបទពិសោធន៍ពីកន្លែងបណ្តុះបណ្តាល ឬពីកសិដ្ឋានដែលគេមានបទពិសោធន៍ និងធ្លាប់ជោគជ័យតាមរយៈមុខរបរនេះជាមុនសិន ទើបយើងមិនបរាជ័យផងដែរ ។ លោកបញ្ជាក់ថា ហើយចំពោះការចិញ្ចឹមបង្កងនេះដែរ គឺងាយស្រួលណាស់ ដោយពេលថ្ងៃយើងមិនទៅប៉ះពាល់កន្លែងពួកវានោះទេ ព្រោះវាត្រូវការដេកថ្ងៃ ។ តែនៅពេលយប់ចាប់ពីម៉ោង៦ល្ងាចឡើងទៅ ទើបពួកវាចេញមករកស៊ីចំណី ដែលទិញពីគេពីផ្សារសុទ្ធតែម្តង ។ លោកបញ្ជាក់បន្ថែមទៀតថា ចាប់ពីបង្កងញាស់កូន រហូតដល់ទៅ៦ខែទើបធំអាចចាប់ធ្វើម្ហូប ឬលក់ឱ្យគេទិញយកទៅហូបបាន ។ ម្យ៉ាងវិញទៀត បើចិញ្ចឹមបង្កងក្នុងស្រះដែលមានទីធ្លាធំ គឺវាឆាប់ធំជាងការចិញ្ចឹមនៅក្នុងអាង ។ ចំណែកការចិញ្ចឹមបង្កងនេះ មិនមានហានិភ័យអ្វីនោះទេ លើកលែងតែពេលវាសកស្រកា យូរៗម្តងឃើញវាខាំគ្នាស៊ីផងដែរ ។ រហូតមកដល់ពេលនេះ គាត់បានចាប់លក់ខ្លះៗហើយ ដោយ១គីឡូក្រាម លក់តម្លៃ៣០ដូល្លារ ៕ ដោយ ៖ នីយ៉ា