ដោយៈមិន ភក្ដី
ខេត្តស្វាយរៀង: នៅវេលាម៉ោង 18 ល្ងាចថ្ងៃទី 20 ខែសីហាឆ្នាំ 2021នេះ នៅតាមបណ្ដាទីវត្តអារាមនៅទូទាំងខេត្តស្វាយរៀងបានបន្លឺសំឡេងការទូងស្គររបស់ព្រះសង្ឃគ្រប់ទីវត្តអារាមនិងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនា
ដើម្បីចូលរួម កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ 2021 ក្រោមប្រធានបទ 《សូមឱ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ19 នឹងអំពើជួញដូរមនុស្ស》។លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងថា:
យោងតាមសេចក្តីណែនាំលេខ១៤/២១ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំរបស់ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តទាំង២៤៥វត្ត និងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនាទាំង៦០កន្លែង ចូលរួមបន្លឺសម្លេងស្គរ ជូង កងរំពង នៅវេលាម៉ោង៦:០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីបួងសួងសូមឲ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១ ក្រោមប្រធានបទ”សូមឲ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស”។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2017 មក គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស (គជបជ) តែងបានសហការជាមួយក្រសួងធម្មការនិងសាសនា មេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីរៀបចំកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាននិងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។