ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តនិងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងខេត្តព្រះវិហារ នៅព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវជន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត នៅ មន្ទីរពេទ្យបង្អែក ១៦ មករា ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះឯកឧត្ដម ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណ និងគោរពអរគុណសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំងប្រទេស ពិសេសខេត្តព្រះវិហារ ដើម្បីបង្កើនភាពសាំពេញលេញ នឹងឈានដល់បញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបាននាពេលខាងមុខនេះ។
ឯកឧត្ដមអភិបាលខេត្តក៏បានថ្លែងអំពានាវ ដល់មាតាបិតា និងអាណាព្យាបាលកុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលការវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនិងនោះ ឯកឧត្ដមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្ត តាមវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ ការឆ្លងរាល ដាលជំងឺកូវីដ១៩ ក្នុងសហគមន៍របស់យើង។
ដោយឡែកតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រះវិហារបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣ប្រភេទ គឺប្រភេទស៊ីណូវ៉ាក់ ស៊ីណូហ្វាម និងចនសុន បានចំនួន ១១,៨២២៥នាក់ ស្រីចំនួន ៥៨,៨៥២នាក់ ស្មើ៧៩% បើប្រៀបធៀបនឹងប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សរុបចំនួន ១៤៩,៥៤៨នាក់។
ហើយ ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារនិងយុវជនក្រោមអាយុ១៨ឆ្នាំ សរុបចំនួន ៣០,៤៥៦នាក់ ស្រីចំនួន ១៥,១៥០នាក់។ ដោយរៀបចំចាក់ជូនតាមមូលដ្ឋានសុខាភិបាលតាមក្រុង ស្រុកទាំង៨រួមមាន៖ ក្រុងព្រះវិហារមាន១ទីតាំង ស្រុកត្បែងមានជ័យ មាន៣ទីតាំង ស្រុកជាំក្សាន្ត មាន៦ទីតាំង ស្រុកឆែប មាន៣ទីតាំង ស្រុកជ័យសែន មាន១ទីតាំង ស្រុកសង្គមថ្មី មាន៣ទីតាំង ស្រុកគូលែន មាន៤ទីតាំង និងស្រុករវៀង មាន២ទីតាំង ដោយចាប់់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ សីហា ឆ្នាំ២០២១នេះផងដែរ៕