(ប៉ៃលិន) ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទិញផ្លែមៀនប៉ៃលិន ជាង១០តោន ពីប្រជាកសិករ ដែលជួបប្រទះនូវបញ្ហាក្នុងការលំបាកនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារតែការឆ្លងរីករាលដាលជំងឺកូវី១៩ ។ ដូច្នេះ ដើម្បីចូលរួមលើកស្ទួយការទិញកសិផលផលក្នុងស្រុក និងគាំទ្រដំណាំខ្មែរ ក្រោមស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទើបសម្តេចបង្គាប់ឱ្យចុះទិញផ្លែមៀនប៉ៃលិនរបស់កសិករតែម្តង ។
សម្រាប់ការទិញផ្លែមៀនប៉ៃលិននេះ ក្រុមហ៊ុនសម្រស់ធម្មជាតិ ក៏បានចូលរួមជួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៤០លានរៀលផងដែរ ផ្ញើទុកចាត់ចែងនៅក្នុងរដ្ឋបាលខេត្តប៉ៃលិន ។
ចំណែកប្រជាកសិករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ហ៊ុន សែន ចំពោះការយកចិត្តទុកដាក់ជួយពួកគាត់ ជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ។
សូមបញ្ជាក់ថា ៖ ស្របពេលដែលប្រជាកសិករ ដល់រដូវប្រមូលផលផ្លែមៀន និងតាង៉ែន នាតំបន់ក្បែរព្រំដែនកម្ពុជា-ថៃ មិនអាចនាំផលិតផលចេញទៅប្រទេសជិតខាងបាន ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតខ្លាំង និងកំពុងជួបការលំបាក ក្នុងការរកទីផ្សារលក់ចេញ ដែលយោងតាមការប៉ាន់ប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំង មានប្រមាណជា៥ម៉ឺនតោននោះ កំពុងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ប្រមូលទិញ ក្នុងតម្លៃមួយសមរម្យផងដែរ។
ប៉ុន្តែការប្រមូលទិញនេះ គឺសំដៅដល់កសិករក្រីក្រ ដែលដាំដុះដោយផ្ទាល់ដៃ មិនមែនសម្រាប់ម្ចាស់ដី ដែលមានចំការមៀនច្រើនឡើយ ពោលគឺបើជាចម្ការមៀនរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង៕ ដោយ ៖នីយ៉ា