ស្ទឹងត្រែងៈមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការណ៍ជាមួយ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត រួមជាមួយ អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានចុះត្រួតពិនិត្យតំបន់បិទខ្ទប់ជាច្រើនទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩សីហាឆ្នាំ២០២១។
ដំណើរចុះទៅកាន់តំបន់បិទខ្ទប់ របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ,លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត និងលោក សាយ កុសល នាពេលនោះ ត្រូវគេដឹងថា គឺដើម្បីពិនិត្យពីស្ថានភាពប្រចាំការត្រួតពិនិត្យរបស់ កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញ នៅតាមគោលដៅបទខ្ទប់នីមួយៗ និងការធ្វើដំណើរល្មើសនឹងវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លើសេចក្តីសម្រេចលេខ ០៩៥/២១ សសរ ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta)។
នៅក្នុងការចុះត្រួតពិនិត្យនោះទៀត ត្រូវគេរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ច មិនមានទទួលបានរបាយការណ៍ណាមួយ ដែលបានបង្ហាញពីការរកឃើញ អ្នកល្មើសនឹងវិធានការរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានដាក់ចេញ សម្រាប់ការអនុវត្តន៍ ចាប់ពីថ្ងៃទី១៧សីហា មកនោះទេ។
ខេត្តស្ទឹងត្រែងគិតត្រឹមថ្ងៃទី១៩សីហា ការឆ្លងសារុប ចំនួន៨០០នាក់, ជាសះស្បើយចំនួន៤៩៧នាក់ និងចំនួនអ្នកស្លាប់៦នាក់៕ដោយ៖ឡុង កាន់សំនៀង