អាជ្ញាធរខេត្តកំពង់ធំបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់កុមារ និងដូសទី៣ ដល់មន្ត្រីរាជការជិត ៨ម៉ឺននាក់

កំពង់ធំ៖ អាជ្ញាធរខេ្តកំពង់ធំ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៦១,៩៣៧នាក់ និងដូសទី៣ ដល់មន្ត្រីរាជការ អាជ្ញាធរដែនដីជាង ១៥.០០០នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ បានមានប្រសាសន៍ឲ្យដឹងថា ការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យនាពេលនេះធ្វើឡើងនៅទូទាំង ៩ក្រុងស្រុកក្នុងខេត្ត។

ដោយឡែកតែមន្ត្រីរាជការ និងអាជ្ញាធរដែនដី គឺរដ្ឋបាលខេត្តបានរៀបចំបញ្ជីឈ្មោះរួចជាស្រេច ហើយមកចាក់នៅសាលាខេត្តមួយកន្លែងតែប៉ុណ្ណោះ ដោយបែងចែកទៅតាមអង្គភាពនិងក្រុងស្រុក ។

អភិបាលខេត្ត បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង ។

ឯកឧត្តម បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម  ។

ជាមួយគ្នានោះដែរ អាណាព្យាបាល មាតា បិតា និងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពរដ្ឋ ជាពិសេសគឺកុមារបានចូលសិក្សារៀនសូត្រឡើងវិញ ហើយប្រជាពលរដ្ឋ និងបានប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *