ខេត្តកំពង់ធំ៖លោក ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញអោយកសិករធ្វើការដាំដុះដើម្បីបង្កើនជីវភាពគ្រួសារ ។
លោកគៀង សេងគី បានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកនិងក្រុមការងារបានផ្តល់គ្រាប់ពូជបន្លែនិងសម្ភារកសិកម្មដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៥ គ្រួសារនៅស្រុកតាំងគោក ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ ។
ពិធីប្រគល់គ្រាប់ពូជនេះបានធ្វើឡើងក្រោមវត្តមានលោក ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិក សមាជិកាអង្គការដៃគូ អាជ្ញាធរដែនដី។
លោក គៀង សេងគី បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោល
នយោបាយ (API) និងអង្គការអេដអាក់ស្យុង AEA។
ជាមួយគ្នានេះ លោក ប្រធាន បានថ្លែងអំណរគុណដល់អង្គការដៃគូ និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកបានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅនិងអភិវឌ្ឍន៍
លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាន ជម្ងឺផ្សេងៗ។
ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។
ទន្ទឹមគ្នានេះប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត៕