ប្រគល់ប័ណ្ណសរសើរជូនមន្ដ្រីរាជការ និងតែងតាំងការងារនៃមន្រ្តីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ

ព្រះវិហារៈ  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រគល់ប័ណ្ណសរសើរ និងការតែងតាំងថ្មី ជាការលើកទឹកចិត្ត បន្ទាប់ពីបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ស្របតាមទិសដៅ និងការណែនាំរបស់អង្គភាពដល់ថ្នាក់ដឹកនាំនិងមន្រ្តីជាច្រើនរូបដែលបម្រើការនៅក្នុងអង្គភាព។

ការធ្វើឡើងនេះនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រចាំខែមករាឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈខាងមុខ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នៅមន្ទីសាធារណៈការខេត្ត  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអរគុណដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបការទទួលខុសត្រូវខ្ពស់។

លោកប្រធានមន្ទីរបានអះអាងថា ផ្អែកតាមកិច្ចប្រជុំប្រចាំខែ និងទិសដៅការងារដែលមន្ទីរបានដាក់ចេញ សម្រាប់អនុវត្តន៍លោកសង្កេតឃើញថា តាមការិយាល័យជំនាញជាច្រើន អនុវត្តបានល្អប្រសើរស្របតាមទិសដៅដែលបានដាក់ចេញ   ដោយឡែកចំណុចសេសសល់ខ្លះៗ ទៀតដែលមន្ត្រីអនុវត្តន៍មិនទាន់បានល្អនៅឡើយ ដែលករណីនេះលោកសូមដាស់តឿនក្រើនរំលឹក ឲ្យបន្តយកចិត្តទុកដាក់ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណសម្បត្តិរបស់មន្ត្រីរាជការទាំង៤គឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៍សេវាសាធារណៈ។

នៅក្នុងឱកាសនោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានប្រគល់ប័ណ្ណសរសើរដល់មន្ត្រីដែលមានស្នាដៃឆ្នើម ចំនួន៤រូប និងប្រកាសលិខិតតែងតាំងថ្មី ដល់មន្ត្រី២រូប ជាការលើកទឹកចិត្តផងដែរ។

បន្ថែមពីនេះ លោក សំ លាងទ្រី ក៏បានណែនាំឲ្យមន្ត្រីទាំងអស់ត្រូវគោរពបទបញ្ជាផ្ទៃក្នុង ត្រូវមានសាមគ្គីភាពល្អជាមួយគ្នា ក្នុងទិសដៅអនុវត្តការងារ និងតួនាទីភារកិច្ច ឲ្យទទួលបានជោគជ័យ ពិសេសសូមបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *