បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក

បន្ទាយមានជ័យៈ បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ការឧបត្ថម្ភនេះ គឺជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីចូលរួមចំណែក ក្នុងការធានាហូបអាហារប្រចាំថ្ងៃជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក កម្រិត២ ដែលស្ថិតនៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានរួមចំណែកនាំយកបន្លែចម្រុះរបស់អង្គភាពផ្ទាល់ឧបត្ថម្ភជូនមណ្ឌលចត្តាឡីស័កនៅស្រុកថ្មពួកបានចំនួន៣លើក និងស្រុកស្វាយចេកនេះចំនួន១លើកផងដែរ។គួរកត់សំគាល់ថា ការរួមចំណែកដើម្បីទប់ស្កាត់ និងការរីករាលដាលជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃវិញ កម្លាំងរបស់កងពលមួយផ្នែកបានបំពេញបេសកកម្មប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ។ក្នុងឱកាសនោះដែរ លោកប្រធានមណ្ឌលបានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែលបានជួយចែករំលែក និងការទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *