ពិធីប្រកាសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានរៀបចំប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារយុវជនគណបក្សឃុំទាំង៩ និង វិទ្យាល័យចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ពិធីប្រកាសនេះក្រោមវត្តមានលោក សៀត គឹមលៀង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាលនិង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ពៅ ស៊ីថា លោក ឈឹម ទីម ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ លោក អនុប្រធានគណបក្សស្រុក និង ប្រធានគណបក្សឃុំទាំង៩ក្នុងស្រុកសាមគ្គីមានជ័យចូលរួមផងដែរ។

ប្រសាសន៍ក្នុងឱកាសនោះលោក សៀត គឹមលៀង បានក្រើនរំលឹកដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក សាមគ្គីមានជ័យទើបនិងតែងតាំងថ្មីត្រូវចូលរួមឲ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម ដូចជាសកម្មភាពមនុស្សធម៌ ការងារសង្គម អនាម័យ បរិស្ថាន ការជួបជុំសាសនា និងការកៀរគរកសាងកម្លាំងយុវជនថ្មី ។

ដូចនេះ ក្រុមការងារយុវជនត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការគាំទ្រនិងជួយតម្រង់ទិសដល់សកម្មភាពយុវជនយើងឲ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍យុវជនគណបក្សថ្នាក់ខេត្ត ថ្នាក់កណ្តាលដែលបានណែនាំកន្លងមក ក្នុងការកសាង ពង្រឹង ពង្រីកនូវកម្លាំង”យុវជនគណបក្សប្រជាជនកម្ពុជាថ្មី”ទាំងនៅក្នុងប្រព័ន្ធ និងនៅខាងក្រៅប្រព័ន្ធ ធានាឲ្យបានទាំងបរិមាណ គុណភាព ព្រមទាំងសមត្ថភាពចំណេះដឹង ចំណេះធ្វើដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២២,ឆ្នាំ២០២៣ និង អាណត្តិក្រោយៗទៀត។

ឯកឧត្តម សៀត គឹមលៀង ក៏បានផ្តាំផ្ញើអោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ទើបតែងតាំងថ្មីត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ  ៕  ដោយសុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *