លោកជំទាវអភិបាលខេត្តប៉ៃលិន ជូនដំណើរពលករជាង១០នាក់ ដែលជាសះស្បើយពីជម្ងឺកូវីដ១៩ឱ្យត្រឡប់ទៅផ្ទះវិញ

ប៉ៃលិនៈ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករឡើងរថយន្តធ្វើដំណើរទៅលំនៅឋានរៀងៗខ្លួនវិញ ក្រោយពីឆ្លងវីរុសកូវីដ-១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានការជាសះស្បើយពីជម្ងឺទាំងស្រុង ។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវអភិបាលខេត្ត ក៍បាននាំមកនូវការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូននាពេលនេះផងដែរ ។

ក្នុងនាមលោកជំទាវផ្ទាល់ ក៏សូមសំដែងនូវទឹកចិត្តត្រេកអរជាមួយប្អូនៗ និងបានផ្តាំផ្ញើទៅប្អូនៗថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យផងដែរ ។

លោកជំទាវ ក៍បានបញ្ជាក់បន្ថែមជូនប្អូនៗ ទាំង១២នាក់ថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ ជួបទុក្ខលំបាកដោយសារវីរុសកូវីដ-១៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។ លោកក៍បានចាត់ឱ្យក្រសួង សុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃវីរុសកំណាចនេះចូលក្នុងមូលដ្ឋាន ។

លោកជំទាវក៏បានស្នើអោយប្អូនៗទាំងអស់ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្តចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *